រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើភាពជាដៃគូប្រព័ន្ធទូទាត់ឌីជីថល និងការចែករំលែកចំណេះដឹង។ នៅក្រោមអនុស្សរណៈនេះ ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវតភ្ជាប់ជាមួយប្រព័ន្ធផេវេ (PayWay) ដែលជាកម្មវិធីទូទាត់អនឡាញរបស់ធនាគារ ABA ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីអាចនាំយកអាជីវកម្មរបស់ពួកគេទៅកាន់ផ្សារអនឡាញបាន និងទទួលការទូទាត់យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពដោយមិនប្រើប្រាស់សាច់ប្រាក់នោះទេ។ អនុស្សរណៈនេះ ក៏គូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង និងការបណ្ដុះបណ្ដាលសម្រាប់ SMEs ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដ។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ "ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេស ធនាគារ ABA ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការដាក់លក់ផលិតផលសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានទំនុកចិត្តខ្ពស់"។

ជាមួយគ្នានោះ លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះ អនុញ្ញាតឲ្យយើងផ្ដល់ជូនសហគ្រាសធុនតូច និងមធ្យមនូវឱកាសធ្វើឌីជីថលូបនីយកម្ម និងទំនាក់ទំនងអតិថិជនរបស់ពួកគេនៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាមួយការទទួលការទូទាត់ពីអតិថិជនបានយ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ ABA PAY។ 

ធនាគារ ABA នឹងសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់អាជីវកររបស់ផ្សារខេមបូឌាត្រេដ តាមរយៈការបណ្ដុះបណ្ដាល និងសកម្មភាពកសាងសមត្ថភាពនានា។ យើងជឿជាក់ថា ការតភ្ជាប់ប្រព័ន្ធទាំងពីរនេះ នឹងជួយដល់សហគ្រិនក្នុងស្រុក ក្នុងការពង្រីកការលក់ និងប្រាក់ចំណូលរបស់ខ្លួនតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈដែលសកម្មភាពនេះ នឹងជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងវឌ្ឍនភាពឌីជីថលបន្ថែមទៀតរបស់ប្រទេស"៕