រាជធានីភ្នំពេញ៖ ក្រសួងកំណត់ពេល៣ខែ ឲ្យក្រុមហ៊ុន China Railway International Group Co., Ltd បញ្ចប់របាយការណ៍សិក្សាលម្អិតជាងមុន នៃគម្រោងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

ឯកឧត្តមរដ្ឋលេខាធិការ សូរ វុិចទ័រ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលគម្រោងសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត របស់ក្រុមហ៊ុន China Railway International Group Co., Ltd ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសិក្សា តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេសរបស់ក្រសួង។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើការពិភាក្សាអំពីការកំណត់ពេលវេលាជាក់លាក់ ឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍សិក្សារបស់ខ្លួនប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាពដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបានកំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សារបស់ខ្លួន ឬសិក្សាបន្ថែមដើម្បីផ្ដល់របាយការណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ការសិក្សារបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតក្នុងពេលវេលាឆាប់ៗ៕