រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក  សម្រេច បាន ៥៦៩៥លានដុល្លារ គឺមានការកើនឡើងចំនួន ៤៧.៣ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នាំ២០២១ ដែលមានតែជាង ៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ បានបង្ហាញថា ចំពោះការនាំចូលពី អាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។

មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានជា ផលិតផលវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមាន៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យ ជាដើម។

ក្នុងរយៈពេល៧ខែនៃឆ្នាំ ២០២២នេះ ប្រទេសវៀតណាម ជាប្រទេសទី២ដែលកម្ពុជា នាំចេញបន្ទាប់ពីអាមេរិក ដោយមានទឹកប្រាក់ ១ ៣២៦លានដុល្លារ, ប្រទេសចិន ឈរនៅលំដាប់ទី៣ មានចំនួន ៧០១លានដុល្លារ, និងប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ៕