នៅក្នុងពិភពអាជីវកម្មមានមនុស្សជាច្រើនប្រភេទដែលស្ថិតក្នុងងារជាអ្នករកស៊ី ឬជាសហគ្រិនតែក្នុងចំណោមនោះមានមនុស្សមិនច្រើនពេកទេ ដែលជោគជ័យពិតប្រាដ និងអាចដើរផ្លូវឆ្ងាយបានក្នុងពិភពជំនួញ។
លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ StartUp Cambodia បានលើកឡើងថា ប្រសិនបើយើងចង់ទទួលបានភាពវិជ្ជមានក្នុងមុខជំនួញសូមកុំបង្កើតអាជីវកម្មដើម្បីគ្រាន់តែឱ្យគេសរសើរថា ជាសហគ្រិនតែគួរបង្កើតអាជីវកម្មដើម្បីដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅរបស់មនុស្ស ទើបយើងអាចរីករាយជាមួយនឹងអាជីវកម្មនោះបានយូរ។
លោក គីម ដារ៉ា បានបញ្ជាក់ថា៖«មុនបង្កើតអាជីវកម្ម កុំសំឡឹងតែលុយ តែគួរសំឡឹងមើលបញ្ហាហើយព្យាយាមរកវិធីដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាពនោះអាជីវកម្មនោះនឹងទទួលបានការគាំទ្រ»។
លោកដារ៉ា បានបញ្ជាក់ផងដែរថាកុំបង្កើតអាជីវកម្មដើម្បីកិបកេងលើកម្លាំងពលកម្មរបស់មនុស្សតែបង្កើតអាជីវកម្មដើម្បីលើកស្ទួយជីវភាព។ លោកក៏ធ្លាប់បានលើកឡើងផងដែរថាកាលណាយើងមានគោលបំណងវិជ្ជមានក្នុងការធ្វើអាជីវកម្មដើម្បីសហគមន៍និងមានបុព្វហេតុមួយច្បាស់លាស់ យើងនឹងមានទឹកចិត្តខ្លាំងក្នុងការតស៊ូពុះពារគ្រប់បញ្ហាក្នុងដំណើរការអាជីវកម្មតែប្រសិនបើយើងគ្មានឆន្ទៈពិតប្រាកដ ហើយសំឡឹងឃើតែលុយកាក់ នោះយើងនឹងអាចបោះបង់វាចោលនៅពេលដែលយើងមិនទទួលបានផលប្រយោជន៍ច្រើនដូចការរំពឹងទុក។
បន្ថែមពីលើនេះ លោក ស៊ូ សាវឿន អ្នកនិពន្ធសៀវភៅផ្នែកលក់ និងជាគ្រូបណ្តុះបណ្តាលជំនាញលក់ បានលើកឡើងថា អ្នកលក់ឬម្ចាស់អាជីវកម្មដែលអាចមានសមត្ថភាពលក់បានច្រើន ឬធ្វើឱ្យអាជីវកម្មដើរដោយរលូនបានលុះត្រាតែគាត់ចេះរកឱ្យឃើញនូវបញ្ហារបស់អតិថិជន។ ជាធម្មតាមនុស្សម្នាក់ៗមិនមែនចេះតែគាំទ្រផលិតផលណាមួយតាមចិត្តនឹកឃើញនោះទេតែគាត់នឹងអាចត្រូវការវាប្រសិនបើគាត់យើងថាគាត់កំពុងមានបញ្ហា ហើយទំនិញឬសេវាកម្មនោះអាចដោះស្រាយបញ្ហារបស់គាត់បាន៕