ប្រសិនបើគេសួរទៅសិស្សនិស្សិត ដែលកំពុងសិក្សានៅឧត្តមសិក្សា ទំនងជាមានមនុស្សមិនតិចទេដែលឆ្លើយថាអនាគតចង់ក្លាយជាអ្នកគ្រប់គ្រង ឬចង់ក្លាយជាម្ចាស់អាជីវម្ម តែនៅពេលដែលសួរពីមូលហេតុ និងបទពិសោធន៍ជាក់ស្តែងពួកគេអាចនឹងរារែកចិត្តមកវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ី សុវណ្ណៈ ម្ចាស់អាជីវកម្មម្ហូបអាហារបានលើកឡើងថា យុវវ័យជាច្រើនសុទ្ធតែចង់ជោគជ័យ ឬចង់ក្លាយជាមេគេ តែពេលសួរពីការលះបង់ គេហាក់ដូចជារារែកមិនសូវជាមានការលះបង់ទៅវិញ។លោកបានបញ្ជាក់ថា ភាពជោគជ័យអ្នកណាក៏ចង់បាន ឬអាចនិយាយបានដែរតែមានមនុស្សមិនច្រើនទេដែលហ៊ាននិយាយថាអាចលះបង់អ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅនោះ។ លោកថាសម្រាប់អ្នកចង់រកស៊ី ត្រូវតែចេះត្រៀមខ្លួនទទួលយកភាពឈឺចាប់ ឬត្រូវចេះត្រៀមខ្លួនដើររកការងារចាប់ផ្តើមជីវិតសារជាថ្មី ដោយគ្មានសល់អ្វីទាំងអស់ថែមទៀតផង។ ហេតុនេះសម្រាប់យុវវ័យគួរកុំគិតថាអាជីវកកម្មគឺជារឿងងាយខ្លាំងពេក។
ម្ចាស់អាជីវកម្មខាងលើបានបញ្ជាក់ថា មានយុវវ័យជាច្រើនមានគំនិតក្មេងខ្ចី ដូចលោកពេលទើបនឹងចេញពីសាលាដំបូងក៏ដូច្នោះដែរ។ ម្នាក់ៗវក់នឹងទ្រឹស្តីខ្លាំងពេក ចង់ចេញរកស៊ីទាំងប្រថុយដោយគ្មានដើមទុននិងគ្មានបទពិសោធន៍។ ការធ្វើបែបនេះគឺជារឿងខ្ជីខ្ជារណាស់ ព្រោះវាធ្វើឱ្យយើងឈ្លក់វង្វេងជាមួយមហិច្ចតារបស់ខ្លួនឯងដោយសារតែចាប់ផ្តើមភ្លាមចង់ធ្វើជាអ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មភ្លាម។ ទីបំផុតដោយសារតែមហិច្ចតាធំពេកនេះ បានធ្វើឱ្យពួកគេមើលរំលងការងារតូចៗប្រាក់ខែល្មមៗមិនព្រមធ្វើ ដោយរង់ចាំការងារធំតែម្តងទាំងមិនសូវមានសង្ឃឹមជោគជ័យ។
លោក ម៉ី សុវណ្ណៈ បាននិយាយថា៖ «យុវវ័យគួរចាប់ផ្តើមដាក់ខ្លួនធ្វើការងារពីរឿងតូចៗ ដើម្បីទុកជាបទពិសោធន៍និងចំណេះដឹងសម្រាប់ឈានទៅដល់គោលដៅដែលខ្លួនចង់ទៅ។ កុំប្រញ៉ាប់ចង់ធំ ដោយមិនមានមូលដ្ឋានច្បាស់លាស់»។
លោកបានលើកឡើងផងដែរថា បើមិនមានចម្លើយច្បាស់លាស់បំផុតសម្រាប់ប្រាប់ខ្លួនឯងទេសូមកុំប្រញ៉ាប់ដាក់គោលដៅធំពេក។ គួរចាប់ផ្តើមធ្វើការងារឱ្យគេស៊ីប្រាក់ខែសិនទៅព្រោះជីវិតអ្នករកស៊ីមិនមែនងាយដូចអ្នករាល់គ្នាគិតនោះទេ។ សូមកុំមើលតែរូបភាពខាងក្រៅរបស់អ្នករកស៊ី។ ពេលខ្លះអ្នកមើលទៅឃើញថាគេជាមនុស្សមានសេរីភាពហិរញ្ញវត្ថុ មានជីវិតងាយស្រួលនិងមិនសូវគិតច្រើនដូចអ្នកធ្វើការឱ្យគេ តែតាមពិតទៅវាជារឿងខុសស្រលះ។ បើចង់ស្រួលសូមកុំរកស៊ី ព្រោះអ្នករកស៊ីត្រូវឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើននិងត្រូវឆ្លងកាត់រឿងដែលត្រូវប្រឈមជាច្រើនសម្រាប់ដោះស្រាយជារៀងរាល់ថ្ងៃ៕