ប្រទេសវៀតណាម៖ របាយការណ៍មួយបានរកឃើញថា ការប្រើប្រាស់ e-commerce ក្នុងប្រទេសវៀតណាម មានការកើនឡើងទ្វេដងខ្ពស់ជាងប្រទេសថៃ និងបីដងខ្ពស់ជាងប្រទេសម៉ាឡេស៊ី នៅក្នុងត្រីមាសទី៣នេះ ដែលបង្ហាញពីតម្រូវការខ្ពស់សម្រាប់ការទិញទំនិញតាមអនឡាញ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។

ការប្រើប្រាស់ប្រព័ន្ធឌីជីថល បានក្លាយជាទម្លាប់ថ្មីមួយដោយសារចំនួនអ្នកលក់អនឡាញកើនឡើង នៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) នេះបើយោងតាមរបាយការណ៍ទីផ្សារ ដែលរកឃើញដោយស្ថាប័ន e-Conomy ប្រចាំតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2021នេះ។ 

របាយការណ៍នេះក៏បង្ហាញថា ប្រទេសវៀតណាម នឹងមានចំនួនអ្នកប្រើប្រាស់ e-commerce លើសពីប្រទេសថៃនៅឆ្នាំ 2025 ឡើងចំណាច់ថ្នាក់ទីពីរនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងទំហំទឹកប្រាក់ 57 ពាន់លានដុល្លារ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលវិស័យនេះមានចំនួនទឹកប្រាក់ដល់146 ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបរទេសនៅតែគ្រប់គ្រងទីផ្សារ e-commerce របស់វៀតណាម ដូចជា Shopee របស់សិង្ហបុរី មានចំនួន 57 ភាគរយនៃចរាចរណ៍ នៅក្នុងត្រីមាសទី៣ បន្ទាប់មកគឺក្រុមហ៊ុនសិង្ហបុរីមួយផ្សេងទៀតឈ្មោះថា Lazada ដែលមានចំណែកទីផ្សារដល់ 16 ភាគរយ៕