សិង្ហបុរី៖ អ្នកដំណើរមកពីប្រទេសកម្ពុជា ថៃ ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងទួរគី នឹងអាចទៅប្រទេសសិង្ហបុរី ដោយមិនបាច់ធ្វើចត្តាឡីស័ក ចាប់ពីពាក់កណ្តាលខែធ្នូនេះ តែចំពោះអ្នកបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ ដែលសិង្ហបុរីហៅថា ប្រភេទអ្នកដំណើរវ៉ាក់សាំង (Vaccinated travel lanes - VTL)។ នេះបើតាមការប្រកាសរបស់ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសសិង្ហបុរី (CAAS) បាននិយាយកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា។

អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងតួគី អាចចូលសិង្ហបុរីក្រោម VTL ចាប់ពីថ្ងៃទី 16 ខែធ្នូ។ អ្នកធ្វើដំណើរមកពីប្រទេសថៃ អាចចូលសិង្ហបុរីក្រោម VTL ចាប់ពីថ្ងៃទី 14 ខែធ្នូ។

CAAS បានបន្ថែមថា ការបើកឲ្យមានការធ្វើដំណើរថ្មីនេះ នឹងជួយកសាងឡើងវិញនូវឋានៈរបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ ជាមួយនឹងការតភ្ជាប់ជាសកល។

នៅក្រោមគម្រោង VTL អ្នកធ្វើដំណើរដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញពីបណ្តាប្រទេស VTL អាចចូលប្រទេសសិង្ហបុរី ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេ ហើយគ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្ត Covid-19 ប៉ុណ្ណោះ។

កុមារដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ ដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក្រោម VTL ទៅកាន់ប្រទេសសិង្ហបុរី ប្រសិនបើពួកគេត្រូវបានអមដោយអ្នកធ្វើដំណើរ VTL ដែលបំពេញតម្រូវការ VTL ទាំងអស់។

ប្រទេសថៃ កម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងទួរគី ស្ថិតក្នុងប្រភេទចំណាត់ថ្នាក់ទី 2 នៃចំណាត់ថ្នាក់ហានិភ័យ Covid-19 របស់ក្រសួងសុខាភិបាលសិង្ហបុរី ដែលមានកម្រិតអត្រាអ្នកឆ្លងជំងឺ Covid-19 ទាប៕