ប្រទេសជប៉ុន៖ កម្ពុជា-ឡាវ អាចនឹងមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរនៅ ទីក្រុង កូម៉ាម៉ូតូ ប្រទេសជប៉ុន។
នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ឯកឧត្តមរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។
ហើយទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍លើកឡើងទៀតថា ឯកឧត្តមនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរផងដែរ៕