រាជធានីភ្នំពេញ៖ កម្ពុជា- ហ្គាបុង បានគាំទ្រឱ្យមានការបង្កើត MoU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ដែលរំពឹងថា ភាគីទាំងពីរនឹងពន្លឿននីតិវិធី និងពិនិត្យបញ្ចប់សេចក្តីព្រាងMoU ឱ្យបានឆាប់រហ័ស ដើម្បីអាចធ្វើការចុះហត្ថលេខាបាន នៅអំឡុងឆមាសទី២ ឆ្នាំ២០២២នេះ។ 

បើតាមលទ្ធផលនៃជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Yves Fernand Manfoumbi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសហ្គាបុង។

ទំហំពាណិជ្ជកម្មទ្វេភាគីដ៏ល្អរវាងកម្ពុជា-ហ្គាបុង ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាក់ស្តែង ទំហំពាណិជ្ជកម្មកម្ពុជា-ហ្គាបុង សម្រេចបានប្រមាណ១៤៩លានដុល្លារអាម៉េរិកក្នុងរយៈពេល០៤ឆ្នាំ គិតពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយដែលហ្គាបុង ជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា។ 

លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក៏បានស្នើភាគីហ្គាបុងឱ្យពិចារណានាំចូលទំនិញសក្តានុពលកម្ពុជាបន្ថែមពីអង្ករ ដែលរួមមានជាអាទ៍ ផ្លែឈើស្រស់ ដំឡូងមី សំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ។ល។

គួរបញ្ជាក់ថា ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ក្នុងឆ្នាំ២០១៨ (នាំចេញ ២៩,៣៥លានដុល្លា, នាំចូល N/A), ឆ្នាំ២០១៩(នាំចេញ ៣១,០៨លានដុល្លារ, នាំចូល ០,០៣លានដុល្លារ), ឆ្នាំ២០២០ (នាំចេញ ៤៣,៣៥លានដុល្លា, នាំចូល N/A) និង ឆ្នាំ២០២១ (នាំចេញ៤៤,៧៥លានដុល្លា, នាំចូល ០,០២លានដុល្លារ) និងទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ៤៥លានដុល្លារក្នុងឆ្នាំ២០២១ ធៀបនឹង ៤៣លានដុល្លារក្នុងឆ្នាំ២០២០៕