បច្ចេកវិទ្យា៖ ការជ្រើសរើសអេក្រង់ ក្រៅពីមើលលើទំហំ កម្រិតគុណភាពនៃអេក្រង់ លោកអ្នកប្រាកដជាលឺគេនិយាយថា អេក្រង់នេះមានកម្រិតនៃ Refresh Rate 144Hz ឬ 240Hz និងអេក្រង់ខ្លះអាចមានដល់ 300Hz ក៏មានដែរ។ ទោះជាយ៉ាងណាក៏ដោយការទិញអេក្រង់ ដែលមានកម្រិត Refresh Rate ខ្ពស់ គឺមិនគ្រប់គ្រាន់នោះទេ ដោយសារវាពាក់ព័ន្ធជាមួយនឹងផ្នែកផ្សេងៗទៀតនៃកុំព្យូទ័ររបស់អ្នក ដូចជា CPU និង ​GPU។

អ្វីទៅជាភាពខុសគ្នានៃល្បឿនរបស់អេក្រង់ទាំងនេះ? តើវាមានសារៈសំខាន់បែបណា?

អេក្រង់ដែលមានកម្រិតនៃ Refresh Rate ខ្ពស់ គឺមានប្រសិទ្ធិភាពល្អជាង អេក្រង់ដែលមានកម្រិតនៃ Refresh Rate ទាប ហើយការយល់ដឹងពីចំនុចនេះ វាមានសារៈសំខាន់ និងមានឥទ្ធិពលចំពោះមាតិកាជាវីដេអូ និងអ្នកលេងហ្គេមជាដើម។

កាលណានិយាយពី Refresh Rate វានឹងពាក់ព័ន្ធជាមួយកម្រិតនៃហ្រេម ( Frame) ផងដែរ។ ដោយលើកយកពីការលេងហ្គេមបែបប្រកួតប្រជែងគ្នាមកនិយាយ ដើម្បីងាយស្រួលក្នុងការយល់ ព្រោះកម្មវិធីហ្គេមនីមួយៗ ត្រូវបានរចនាឡើង ដោយប្រើកម្រិតហ្រេមនៃចលនារូបភាព ក្នុងកម្រិតខ្ពស់។

Refresh Rate របស់អេក្រង់ម៉ូនីទ័រ

ក្នុងន័យខ្លីដែលងាយយល់៖ អត្រានៃ Refresh Rate គឺសំដៅទៅលើចំនួនដងក្នុងមួយវិនាទី ដែលអាចបង្ហាញចលនានៃរូបភាព (ដូរពី១ហ្វ្រេម ទៅ១ហ្រ្វេមទៀត) បាននៅលើអេក្រង់។

ពេលវេលានៃចលនាដូររូបភាពនេះ (ពិបាកកត់សម្ពាល់ដោយភ្នែក) ត្រូវបានវាស់ជា មិល្លីវិនាទី (ms) ខណៈដែលអត្រានៃ Refresh Rate ត្រូវបានវាស់ជាហឺត (Hz)។

ឧទាហរណ៍ ប្រសិនបើអេក្រង់របស់អ្នកមានអត្រា Refresh Rate 144Hz នោះវាកំពុងធ្វើឱ្យរូបភាពមានចលនា (ដូរហ្រេម)144 ដងក្នុងមួយវិនាទី និងមានភាពលម្អិតជាង។ ហើយបើផ្គូផ្គងត្រូវគ្នាជាមួយនឹងអត្រាហ្រេមខ្ពស់ដែលផលិតដោយ GPU និង CPU ធ្វើការជាមួយគ្នាត្រូវទៀត នោះអ្នកនឹងឃើញពី ឥទ្ធិពលនិងកម្រិតនៃភាពខុសគ្នារបស់អេក្រង់កាន់តែច្បាស់។

ដើម្បីទាញយកអត្ថប្រយោជន៍ពីអត្រា Refresh Rate វាមានធាតុផ្សំសំខាន់ៗចំនួនបីដែលត្រូវពិចារណាគឺ៖ អេក្រង់ដែលមានសមត្ថភាពបើក Refresh បានរហ័ស។ CPU ដែលមានល្បឿនលឿនគ្រប់គ្រាន់ក្នុងការផ្តល់នូវការបញ្ជា ។GPU ដែលមានល្បឿនលឿនគ្រប់គ្រាន់ ដើម្បីប្រតិបត្តិការណែនាំទាំងនេះបានយ៉ាងឆាប់រហ័សនិងបង្កើតក្រាហ្វិកដែលអ្នកឃើញនៅលើអេក្រង់។

អេក្រង់ អាចបង្ហាញរូបភាពបាន តែតាមល្បឿននៃផ្នែកផ្សេងទៀតបញ្ជា។ មានន័យថា ប្រសិនបើ CPU និង GPU បែរជាមិនអាចផ្គត់ផ្គង់ដល់អេក្រង់ ហ្វ្រេមខ្ពស់ទេ នោះអេក្រង់របស់អ្នក ក៏នឹងមិនអាចបង្ហាញជារូបភាពដែលមានកម្រិត Refresh Rate ខ្ពស់ និងមើលទៅច្បាស់ផងដែរបានដែរ។

ឧ. ប្រសិនបើអេក្រង់របស់អ្នកមាន Refresh Rate ត្រឹម 144Hz ប៉ុន្តែ GPU ផ្គត់ផ្គង់ត្រឹមតែ 30 ហ្វ្រេមក្នុងមួយវិនាទី នោះ Refresh Rate ខ្ពស់ក៏គ្មានប្រយោជន៍។ មួយទៀតវាក៏មានពាក់ព័ន្ធជាមួយការកម្រិតនៃក្រាហ្វិចផងដែរ(អេក្រង់ Resolution)។

ការជ្រើសរើសអេក្រង់ដែលត្រឹមត្រូវ

អេក្រង់ដែលមានអត្រាRefresh Rate ខ្ពស់ដូចជា144Hz គឺជាជម្រើសល្អជា អេក្រង់60Hz បើខ្ពស់ជាងនេះទៀតគឺអាចដល់  240Hz រឹតតែជាជម្រើសដ៏ពេញនិយម។ អ្នកមិនគួរទិញអេក្រង់ដែលមានRefresh Rate ខ្ពស់ខ្លាំង តែបែរជាប្រព័ន្ធដំណើរការរបស់អ្នកមិនអាចគាំទ្របាននោះទេ។

ខាងក្រោមនេះជា ឧទាហរណ៍ជាក់ស្ដែង៖

CPU: Intel® Core™ i5-11600K, GPU: Nvidia GeForce RTX 3060, RAM: 8GB អាចប្រើដល់កម្រិត អេក្រង់ 1920x1080 144Hz

CPU: Intel® Core™ i7-11700K, GPU: Nvidia GeForce RTX 3070, RAM: 16GB អាចប្រើដល់កម្រិតអេក្រង់ 1920x1080 240Hz

CPU: Intel® Core™ i9-11900K, GPU: Nvidia GeForce RTX 3080, RAM: 32GB អាចប្រើដល់កម្រិត អេក្រង់ 1920x1080 360Hz