បច្ចេកវិទ្យា៖ RAM មកពីពាក្យថា Random Access Memory (អង្គចងចាំ) ហៅកាន់តែខ្លីថា Memory។ ក្នុងន័យខ្លី៖ វាគឺជាកន្លែងដែលកុំព្យូទ័ររក្សាទុកនូវការចងចាំក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
វាជាទីតាំងដ៏សំខាន់មួយនៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលត្រូវដំណើរការជាប្រចាំ បើគ្មាន RAM នោះការធ្វើអ្វីៗនៅលើប្រព័ន្ធកុំព្យូទ័រនឹងយឺតជាងធម្មតា។ គេដោតវាជាប់ជាមួយ Motherboard ដែលនោះគឺជា RAM របស់ប្រព័ន្ធកុំព្យូទ័រ (ខុសពី VRAM) ។
តើវាដំណើរការជា អង្គចងចាំរយៈពេលខ្លី មានន័យយ៉ាងដូចម្ដេច?
ឧទាហរណ៍ថា៖ នៅពេលដែលអ្នកធ្វើអ្វីមួយនៅលើកុំព្យូទ័រ ដូចជាការបើកឯកសារវាយអត្ថបទ នោះវាទាមទារការចូលប្រើទិន្នន័យ ដែលមាននៅក្នុងឯកសារនោះ។
បើអ្នកចុចរក្សាទុក (Save) នោះឯកសារនឹងត្រូវបានរក្សាទុកទៅក្នុងថាសរឹង ( Hard Drive) ជារៀងរហូត។ តែចំពោះ RAM វិញ, នៅពេលដែលអ្នកកំពុងធ្វើការលើឯកសារ ធ្វើការកែតម្រូវ នោះទិន្នន័យចុងក្រោយបំផុតដែលអ្នកកំពុងប្រើ គឺត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន នៅក្នុង RAM សម្រាប់ការចូលប្រើកាន់តែលឿន។ ដូចគ្នាដែរ នៅពេលដែលអ្នករចនារូបភាព បើកមើលគេហទំព័រ ឬមើលវីដេអូជាដើម។
មិនត្រឹមតែប៉ុណ្ណឹងទេ RAM ថែមទាំងអាចផ្ទុកនូវដំណើរការជាបណ្ដោះអាសន្ន នៅពេលដែលអ្នកបើកកម្មវិធី (OS, Application) ដើម្បីធ្វើការផងដែរ។ ពេលអ្នកបិទកុំព្យូទ័រ ទិន្នន័យទាំងនេះនឹងត្រូវបាត់ពី RAM ។
ទម្រង់ដែលគេនិយមប្រើបច្ចុប្បន្ន
ទម្រង់ RAM ទូទៅបំផុតដែលប្រើបច្ចុប្បន្នគឺប្រភេទជា DDR SDRAM (Double Data Rate Synchronous Dynamic Random-Access Memory ) ដែលអ្នកនឹងឃើញគេប្រើឈ្មោះខ្លីថា DDR4, DDR5 តែក៏នៅឃើញមានការប្រើប្រាស់ជំនាន់ចាស់ដូចជា DDR2, DDR3 ផងដែរ។
អ្នកអាចនឹងឃើញ គេសរសេរថា VRAM ។ VRAM និង RAM គឺមានភាពខុសគ្នា។ VRAM ច្រើនប្រើទម្រង់ជា GDDR5, GDDR6 ដែលប្រើផ្ដោតសំខាន់ជាមួយនឹងក្រាហ្វិចកាត សម្រាប់អ្នកលេខហ្គេម ធ្វើការលើក្រាហ្វិកធំៗ៕