បច្ចេកវិទ្យា៖ អ្នកបច្ចេកទេសអភិវឌ្ឍន៍កម្មវិធីឬគេហទំព័រ ច្រើនតែប្រើលេខកូដជាសារខ្លី ដើម្បីសំដៅទៅលើកំហុសឆ្គងណាមួយដែលអាចកើតឡើង ក្នុងន័យថា មានអ្វីមួយមិនប្រក្រតី។ បញ្ហានៃកំហុសឆ្គងខ្លះ កើតឡើងដោយសារអ្នកប្រើប្រាស់ URL(តំណភ្ជាប់) ប៉ុន្តែបញ្ហាភាគច្រើនគឺដោយសារតែម៉ាស៊ីនមេ (Server) ដែលមានតែអ្នកគ្រប់គ្រងគេហទំព័រប៉ុណ្ណោះដែលអាចដោះស្រាយបាន។

ខាងក្រោមនេះជាលេខកូដ Error ដែលអ្នកតែងឃើញជាញឹកញាប់ជាងគេពេលបើកគេហទំព័រ៖

404៖ មួយក្នុងចំណោមកំហុសជាច្រើន លេខកូដ404 គឺជាកំហុសឆ្គងដែលគេប្រើជាទូទៅបំផុត។ វាមានន័យថា ទំព័រដែលអ្នកបើកមិនអាចរកឃើញឬមិនមានទៀតឡើយ។ បញ្ហានេះ កើតឡើងដោយសារតែតំណភ្ជាប់​ URL របស់គេហទំព័រដែលអ្នកត្រូវចូលមើលនោះត្រូវបានគេលុបចេញ ឬត្រូវបានគេកែប្រែ URL។ ដូច្នេះ ជាអ្នកប្រើប្រាស់សូមពិនិត្យឡើងវិញនូវ URL ដែលអ្នកបានបញ្ចូលឬបានចុចពីកន្លែងដើមរបស់វា។ ប្រសិនបើអ្នកពិនិត្យឃើញថាURLត្រឹមត្រូវហើយ អ្នកនៅតែរកមិនឃើញទំព័រនោះ មានន័យថា វាត្រូវបានគេលុបចោលហើយ។

301៖ កូដ Error នេះគឺសំដៅលើ​ Redirect។ អ្នកប្រហែលជាធ្លាប់ឃើញ ប៉ុន្តែប្រហែលជាមិនអាចមើលឃើញកូដនេះបង្ហាញនៅលើគេហទំព័រទេ។ ដោយសារតែការ Redirect (រុញបន្ត) នេះគឺវាជាការផ្លាស់ប្តូរដោយលឿនពីURL ចាស់មួយ ទៅURL ថ្មីមួយទៀត ។អ្នកនៅតែអាចឃើញអត្ថបទក្នុងគេហទំព័រដែលអ្នកចង់មើល ប៉ុន្តែវាទំនងជាមាន URL ខុសពីគេហទំព័រដែលអ្នកបានបញ្ចូល។ 

451៖ កូដនេះរារាំងអ្នកមិនឱ្យមើលURL ដោយមានហេតុផលផ្លូវច្បាប់ផ្សេងៗ។ មានន័យថា ខ្លឹមសារនៃអត្ថបទក្នុង URL នេះ ត្រូវបានអ្នកច្បាប់ ស្ថាប័នរដ្ឋ ឬអង្គការណាមួយស្នើសុំដើម្បីបិទនិងរារាំងមិនឲ្យដំណើរការដោយកត្តាណាមួយជាពិសេសដោយសារតែការត្រួតពិនិត្យពីរដ្ឋាភិបាល។ ដូចជា ក្នុងប្រទេសចិន អ្នកមិនអាចបើកតំណភ្ជាប់(URL) ដែលមានពីក្រុមហ៊ុន Google បានទេ។ តែអ្នកប្រើប្រាស់នៅតែអាចមើលបាន  ដោយប្រើកម្មវិធី VPN ដើម្បីចៀសផុតពីការរឹតត្បិតរបស់ម៉ាស៊ីនមេ។

ក្រៅពីលេខកូដដែលមានខាងលើនេះ អ្នកនឹងអាចឃើញលេខ៖

  • 400៖ មានន័យថា ម៉ាស៊ីនមេ មិនទទួលសំណើនៃការបញ្ចូលទិន្នន័យរបស់អ្នកឬឯកសារដែលអ្នកកំពុងព្យាយាមផ្ទុកឡើងធំពេក។
  • 410៖ មានន័យថា ទំព័រនេះមិនមាន ឬ ទំព័រត្រូវបានលុប។
  • 503 មានន័យថា ម៉ាស៊ីនមេរបស់គេហទំព័រ មិនដំណើរការ៕