បច្ចេកវិទ្យា៖ ប្រសិនបើអ្នកដើររកទិញម៉ូនីទ័រកុំព្យូទ័រ លោកអ្នកច្បាស់ជាជួបនឹងពាក្យថា "ម៉ូនីទ័រនេះ វាមានបន្ទះផាណែល(Panel) ជាប្រភេទ 24" TN 240Hz ឬអាចជា VA 120Hz ឬអាចជា IPS 144Hz" ជាក់ជាមិនខាន។ តើមួយណាជាជម្រើសល្អបំផុតសម្រាប់អ្នក? ឧទាហរណ៍ថា ប្រសិនបើអ្នកជាអ្នកលេងហ្គេម ឬជាអ្នកធ្វើមាតិកាវីដេអូ ការយល់ដឹងច្បាស់ពីបច្ចេកវិទ្យានិងគុណភាពនៃបន្ទះម៉ូនីទ័រទាំងនេះ គឺនឹងផ្ដល់នូវបទពិសោធន៍ខុសគ្នាឆ្ងាយ។

ក្នុងទីផ្សារបច្ចុប្បន្ន បន្ទះផាណែលដែលពេញនិយមមានតែ៣ប្រភេទ គឺជាប្រភេទ TN, VA, និង IPS ដែលទាំងនេះគឺជាប្រភេទនៃបន្ទះម៉ូនីទ័រដូចគ្នា តែការប្រើបច្ចេកវិទ្យា LCD ខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីអាចបង្ហាញព័ត៌មានមកលើអេក្រង់ បានជាក់លាក់។ ដើម្បីឱ្យច្បាស់ ពីប្រភេទនៃបន្ទះម៉ូនីទ័រណាមួយ ល្អប្រើជាងមួយណា យើងនឹងលើកយកមកបកស្រាយខ្លីដូចខាងក្រោម៖

TN

TN មកពីពាក្យថា Twisted Nematic។ វាជាបច្ចេកវិទ្យា LCD ដែលចំណាស់ជាងគេ ត្រូវបានផលិតតាំងពីឆ្នាំ​១៩៦៨។ សព្វថ្ងៃនេះ នៅតែត្រូវបានគេផលិតក្នុងបរិមាណដ៏ច្រើន ក្នុងតម្លៃទាប ដែលបន្ទះម៉ូនីទ័រផ្សេងមិនអាចធ្វើបាន។

ចំនុចពិសេសរបស់បន្ទះម៉ូនីទ័រTN គឺជាម៉ូនីទ័រដែលផ្ដល់លឿនបំផុត (វាអាចផ្ដល់នូវកម្រិត Refresh Rate បានខ្ពស់ដល់ 240Hz និង Respond Time លឿន ក្នុងតម្លៃទាប) ។ តែនៅមានចំនុចខ្វះខាតមួយធំគឺ គុណភាពនៃពណ៌រូបភាពអន់ជាងគេ បើមើលពីមុំចំហៀងនៃអេក្រង់ នឹងឃើញស្រអាប់ៗ។ 

បន្ទះ TN ភាគច្រើន មិនអាចបង្ហាញពណ៌បានត្រឹមត្រូវក្នុងកម្រិត 24bits បានទេ គឺមានតែប្រភេទនៃបន្ទះកម្រិតខ្ពស់ (High End TN) ដែលផលិតចុងក្រោយប៉ុណ្ណោះ ដែលអាចបង្ហាញពណ៌ក្នុងទម្រង់ជា sRGB បាន។

ការប្រើប្រាស់៖ ម៉ូនីទ័រប្រភេទបន្ទះ TN គឺសាកសមសម្រាប់អ្នកលេងហ្គេម ដែលថវិការមានកម្រិត ព្រោះបន្ទះ TN ផ្ដល់នូវ Refresh Rate ខ្ពស់ លក់ក្នុងតម្លៃទាបទៀត។ 

ចុចអាន៖ អ្វីទៅជា Refresh Rate វាមានសារៈសំខាន់បែបណា? 

VA

VA មកពីពាក្យថា Vertical alignment ត្រូវបានផលិតក្នុងកំឡុងឆ្នាំ​១៩៧០។ ម៉ូនីទ័រ VA មានកម្រិតពណ៌ល្អបំផុត ក្នុងចំណោមប្រភេទបន្ទះទាំងបី។ បន្ទះ VA មានចំនុចពិសេសដាច់ពីគេ គឺមានតែចំនុច Contrast Ratio ខ្ពស់ប៉ុណ្ណោះ បើទោះជាផលិតផលអន់បំផុតរបស់ VA ក៏អាចផ្ដល់គុណភាពនៃពណ៌បានល្អផងដែរ បើធៀបនឹងបន្ទះ TN។ 

ការប្រើប្រាស់៖ វាសាកសមសម្រាប់ប្រើជាទូទៅ ប៉ុន្ដែមិនទទួលបានការពេញនិយមនោះទេ សម្រាប់អ្នកជំនាញកាត់ត រូបភាព វីដេអូ ឬអ្នកលេងហ្គេមនោះ។

IPS 

IPS មកពីពាក្យថា In-Plane Switching ដែលត្រូវបានណែនាំដោយក្រុមហ៊ុន Hitachi ក្នុងរង្វង់ឆ្នាំ​១៩៩០។ សម្រាប់ក្រុមហ៊ុន SAMSUNG ប្រើពាក្យក្នុងទីផ្សារថា ជាបន្ទះ PLS  ( Plane-to-line switching ) ខ្លះទៀតហៅថា AHVA (advanced hyper viewing angle)។ 

បច្ចេកវិទ្យា IPS ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើចំនុចខ្វះខាតរបស់​បន្ទះ TN។ ចំនុចខ្វះខាតដែលគួរឲ្យកត់​សម្គាល់​បំផុតរបស់ បន្ទះ TN ​គឺ​ការ​បង្កើត​ពណ៌​មិន​ល្អ និង​មុំ​មើល​ពីចំហៀងមាន​កម្រិតទាប។ ជាលទ្ធផល បន្ទះ IPS គឺផលិតឡើងដើម្បីកែលម្អ TN នៅក្នុងផ្នែកទាំងពីរនេះ។ នេះមានន័យថា អ្នកអាចមើលបន្ទះ IPS ពីមុំខាងណា ក៏នៅតែទទួលបានពណ៌ត្រឹមត្រូវ។

ម៉ូនីទ័រ IPS មានពេលវេលាបក (Response Times ) លឿនជាងគេបន្តិច។ ដើមឡើយ ការផលិតបន្ទះ IPS គឺមិនអាចប្រើក្នុងកម្រិត Refresh Rate បានខ្ពស់នោះទេ។  តែបច្ចុប្បន្ននេះ ម៉ូនីទ័រ IPS ចាប់ផ្ដើមដេញតាមបន្ទះ TN លើកម្រិតនៃ Refresh Rate ខ្ពស់។ ដូចជាថ្មីៗនេះ ម៉ូនីទ័ររបស់ក្រុមហ៊ុន ASUS មានបន្ទះ IPS អាចផ្ដល់ Refresh Rate ដល់ទៅកម្រិត 360Hz ។ ទោះជាយ៉ាងណាក៏ដោយ វាមានតម្លៃខ្ពស់ជាង TN។

ការប្រើប្រាស់៖ សម្រាប់អ្នកដែលធ្វើមាតិកាវីដេអូ ឬអ្នកលេងហ្គេម ដែលមានខ្ទង់ចំណាយខ្ពស់។

តើបន្ទះម៉ូនីទ័រណា ដែលមានគុណភាពល្អជាងគេ?

ការសម្រេចចិត្តរើសយកបន្ទះម៉ូនីទ័រដែលល្អ គឺពាក់ព័ន្ធនឹងតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ ជាអ្នកលេងហ្គេម ឬជាអ្នកធ្វើការក្នុងការិយាល័យ ឬជាអ្នកកាត់តមាតិកាវីដេអូ ដែលមានលទ្ធភាពខ្ទង់ចំណាយក្នុងកម្រិតណា។ 

សម្រាប់ផ្នែកបច្ចេកទេស ដើម្បីជ្រើសរើស បន្ទះផាណែលដែលល្អ គឺលោកអ្នកអាចពិចារណាលើចំនុចខុសគ្នានៃ៖ ការផ្ដល់ពន្លឺ (Brightness), Refresh Rates, Response times, និងការផ្ដល់ជា ពណ៌ច្បាស់កម្រិតណា៕