សូមចុចទីនេះដើម្បីUpdate ឬទាញយក APP ក្រមា ប៉ុស្ដិ៍

បច្ចេកវិទ្យា៖ ក្នុងការដើរទិញឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទ លោកអ្នកប្រាកដជាបានជួបប្រទះនូវពាក្យកាត់មួយចំនួន ជាភាសាអង់គ្លេសដែលគេប្រើជាញឹកញ៉ាប់ បិទលើអេក្រង់ជាដើម។ 

យើងធ្លាប់បានបង្ហាញខ្លះៗហើយនូវពាក្យកាត់ ដែលគេប្រើជាមួយនឹងទំហំភីកសែលនៃអេក្រង់ ដូចជាពាក្យថា HD, FHD, UHD, 2K, 4K ជាដើម។ ដោយឡែក ការយល់ដឹងពីពាក្យកាត់នៃបច្ចេកវិទ្យាផលិតដូចជា LCD, LED, QLED, OLED នឹងអាចផ្ដល់នូវជម្រើសក្នុងការសម្រេចចិត្តដ៏ល្អមួយបន្ថែមទៀតសម្រាប់អ្នកថាមួយណា ល្អជាងមួយណា។

LED

LED តំណាងឲ្យពាក្យថា Light Emitting Diode ជាការបោះជំហានថ្មីមួយនៃបច្ចេកវិទ្យា ក្នុងការបង្ហាញរូបភាព ដោយការប្រើប្រាស់នូវអំពូល LED (LED backlight) ជំនួសឲ្យការប្រើអំពូលហ្លរ (fluorescent) ដែលប្រើនៅក្នុងអេក្រង់ប្រភេទ LCD (Liquid Crystal Display) ។ ការប្រើ LED Backlight គឺអាច​បង្កើត​រូបភាព​បាន​ច្បាស់ល្អ​ជាង​អំពូលហ្លរ។ ក្នុងន័យនេះ អេក្រង់ LED ស្តើងជាង LCDs និងផ្តល់នូវគុណភាពប្រសើរជាង រូបភាពច្បាស់ជាងអេក្រង់ LCD ។

QLED

QLED តំណាងឱ្យពាក្យថា Quantum Light-Emitting Diode ។ បច្ចេកវិទ្យានេះត្រូវបានណែនាំដោយក្រុមហ៊ុនSony ក្នុងឆ្នាំ 2013។ ក្រោយមក ក្រុមហ៊ុន SAMSUNG ក៏បានផលិតចេញជា អេក្រង់ QLED នៅក្នុងឆ្នាំ ២០១៧។ 

នៅក្នុងការនិយាយធម្មតា នោះមានន័យថាទូរទស្សន៍ QLED គឺដូចជាទូរទស្សន៍ LED ធម្មតាដែរ ខុសគ្នាត្រង់ថាបច្ចេកវិទ្យា QLED គឺប្រើភាគល្អិតតូចៗហៅថាQuantum dots ដើម្បីបញ្ចូលថាមពលពន្លឺ និងពណ៌របស់វា ឲ្យមានភាពច្បាស់ល្អ។

វាប្រើអំពូល Backlight ដែលបង្កើតឡើងដោយអំពូល LEDs រាប់រយឬក្នុងករណីខ្លះរាប់ពាន់ដែលស្ថិតនៅខាងក្រោយអេក្រង់LCD។  ការប្រើ Backlight បានកាន់តែច្រើនគឺគុណភាពកាន់តែល្អ។ ហេតុអ្វីបានជា Backlight សំខាន់សម្រាប់ពន្លឺនិងពណ៌លើអេក្រង់?

OLED

OLED តំណាងឱ្យពាក្យថា Organic Light-Emitting Diode។ ពេលខ្លះគេបែងចែកជា OLED ជា POLED និង AMOLED សំដៅទៅលើ ការផលិតដោយប្រើបច្ចេកវិទ្យាកាន់តែទំនើបរបស់ ដើម្បីឲ្យប្រសើរឡើងជាងមុននៃពន្លឺ និងពណ៌របស់អេក្រង់ OLED។ 

អ្វីដែលសំខាន់នៅត្រង់ OLED គឺវាមិនមានពាក់ព័ន្ធនឹងការប្រើ LED backlight នោះទេ ពីព្រោះបច្ចេកវិទ្យា OLED មានភីកសែល ដែលអាចបញ្ចេញជាពន្លឺបាន។ មានន័យថា រាល់ភីកសែល (Pixels) នីមួយៗដែលមាននៅក្នុង OLED គឺមានភ្ជាប់អំពូល LED ដ៏តូចស្ដើងដែលមិនគួរឱ្យជឿ ហើយអាចបង្កើតបានទាំងពន្លឺនិងពណ៌ជាមួយគ្នា។

ក្រុមហ៊ុនដំបូងគេដែលផលិតបន្ទះទូរទស្សន៍ OLED គឺក្រុមហ៊ុន LG Display  ដែលល្បីល្បាញក្នុងការបង្កើតទូរទស្សន៍ដ៏ល្អបំផុត។ ក្រុមហ៊ុន LG Display ក៏ផលិតបន្ទះ OLED លក់ទៅឱ្យក្រុមហ៊ុនផ្សេងៗនៅក្នុងទីផ្សារទូរទស្សន៍និងទូរស័ព្ទទំនើបផងដែរ ។

ក្នុងឆ្នាំ ២០២២ ដោយសារតែ LG ជាអ្នកនាំមុខលើការផលិត OLED, ក្រុមហ៊ុន SAMSUNG និង SONY ក៏មានការបង្ហាញបច្ចេកវិទ្យាថ្មីទៀតដែលកាន់តែល្អប្រសើរជាង OLED នោះគឺ QD-OLED។

Mini-LED

បច្ចេកវិទ្យាកាន់តែទំនើប ការផលិត LED កាន់តែតូចទៅបើប្រៀបធៀបនឹងLED ធម្មតាទើបគេហៅវាថា mini-LED។ មានន័យថាអេក្រង់ QLED ដែលផលិតដំបូងឡើយអាចផ្ទុកអំពូលLED បានរាប់រយ តែមកដល់បច្ចុប្បន្ននេះ វាអាចផ្ទុះអំពូលជា mini LED បានរាប់ម៉ឺន។ ចំពោះចំនុចនេះ ក្រុមហ៊ុន SAMSUNG បានប្រើក្នុងទីផ្សារដើម្បីផ្សាយផលិតផលរបស់ខ្លួនយថាជា NEO QLED ។

តើទូរទស្សន៍ QLED និង OLED តើមួយណាជាជម្រើសល្អជាង? 

យើងសូមផ្ដល់ចម្លើយជារួម៖ បច្ចេកវិទ្យា OLED គឺល្អជាង QLED ដោយឡែកការសម្រេចចិត្តក្នុងការទិញប្រភេទអេក្រង់​ជាQLED ឬ OLED អ្នកត្រូវគិតពីចំនុចធំៗដែលត្រូវពិចារណាដូចជា កម្រិតនៃភាពខ្មៅ (Black& Contrast level), កម្រិតនៃពន្លឺ (Brightness), Refresh Rate និងចំនួនពណ៌ជាដើម ។ ចំពោះគុណភាពរបស់វា ក៏អាស្រ័យនឹង Processor ដែលបញ្ជាវាពីក្នុងផងដែរ។