បច្ចេកវិទ្យា៖ IA (Instant Articles) លើ Facebook គឺបានផ្ដល់នូវល្បឿនបើកអត្ថបទនៅក្នុងកម្មវិធី Facebook លឿនជាងធម្មតា និងអាចរកចំណូលបានតាមពាណិជ្ជកម្ម នៅក្នុងអត្ថបទបែប IA នោះ ដោយស្វ័យប្រវត្តិ ដែលនេះ បានផ្ដល់ជាការទាក់ទាញ ជាពិសេសចំពោះអ្នកផ្សាយព័ត៌មាន ចាប់តាំងពីការបង្កើតក្នុងឆ្នាំ 2015។
ក្រុមហ៊ុន Meta - Facebook បានបិទសេវាកម្ម IA (Instant Articles) បន្ទាប់ពីដាក់ឲ្យប្រើបាន៧ឆ្នាំ ដែលកន្លងមក ការដាក់ឲ្យប្រើ IA នេះ ក្នុងន័យបម្រើឲ្យអ្នកប្រើប្រាស់អាចបើកអត្ថបទព័ត៌មានយ៉ាងរហ័ស និងអ្នកផលិតមាតិកាជាអត្ថបទ អាចរកលុយបានមិនតិចនោះដែរ។
អ្នកនាំពាក្យក្រុមហ៊ុន បានបញ្ជាក់ថា៖ បច្ចុប្បន្នតិចជាង 3% នៃអ្វីដែលមនុស្សជុំវិញពិភពលោកប្រើលើ Facebook មានការបង្ហោះដោយមានតំណភ្ជាប់ទៅកាន់អត្ថបទព័ត៌មាន។ អាជីវកម្មមួយ វាមិនសមហេតុផលក្នុងការវិនិយោគលើផ្នែកដែលមិនសមស្របនឹងចំណូលចិត្តរបស់អ្នកប្រើប្រាស់នោះទេ។
ការបិទនៅសេវាកម្មនេះ គឺជាសញ្ញាយ៉ាងច្បាស់លាស់បំផុតនៃចំណុចសំខាន់របស់ក្រុមហ៊ុន Meta ដោយ Facebook នឹងផ្ដោតខ្លាំងទៅលើមាតិកាជា វីដេអូ លែងផ្ដោតលើអត្ថបទ។
អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនបានជូនដំណឹងដល់អ្នកបោះពុម្ពផ្សាយ/អ្នកផលិតមាតិកាអត្ថបទថា ក្រុមហ៊ុននឹងឈប់គាំទ្រ Instant Articles នៅពាក់កណ្តាលខែមេសា ឆ្នាំ 2023។ នេះជាករផ្តល់ឱ្យអ្នកបោះពុម្ពផ្សាយទាំងនោះ មានពេលវេលា៦ខែ ដើម្បីស្វែងរកយុទ្ធសាស្រ្តថ្មីមកជំនួសដើម្បីរកលុយលើ Facebook៕