(ភ្នំពេញ)៖ ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការផ្សាយឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមិថុនានេះ។
ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ៕