រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤១លានដុល្លារអាមេរិក ដើម្បីជួយដល់ការបោសសម្អាតមីន និងជំនួយជនរងគ្រោះដោយសារគ្រាប់មីន និងគម្រោងផ្គត់ផ្គង់ទឹកក្នុងខេត្តស្វាយរៀងនៅកម្ពុជា។
នៅថ្ងៃទី២ ខែមីនា នឹងមានការផ្លាស់ប្តូរលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តី ពីការបន្តជំនួយឥតសំណងរបស់ជប៉ុន ដែលនឹងត្រូវចុះហត្ថលេខា រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ជំនួយនេះ គាំទ្រអង្គភាពCMAC សម្រាប់គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ មានថវិកាសរុបចំនួន២.០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ (០១ មេសា ២០២២- ធ្នូ ២០២៥) ដែលនឹងត្រូវប្រតិបត្តិនៅទិសខេត្តបាត់ដំបង។ ហើយទឹកប្រាក់នៅសល់ ២៤ លានដុល្លារទៀត នឹងត្រូវប្រើប្រាស់សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្វាយរៀង។
ជំនួយឥតសំណងខាងលើដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រ ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ៕