Image

ក្នុងជីវិតប្រចាំថ្ងៃតែងមានចំណុចវិជ្ជមានខ្លះនិងអវិជ្ជមានខ្លះកើតឡើងក្នុងសកម្មភាពរស់នៅ។ហើយមនុស្សម្នាក់ៗមានកាតព្វកិច្ចគ្រប់គ្រង និងកែប្រែទៅរកចំណុចប្រសើរក្នុងជីវិតរបស់ខ្លួន។ ចំណុចមួយចំនួន ជារឿងគួរបោះបង់ចោល ដើម្បីឱ្យជីវិតបានប្រសើរទៅមុខត្រូវបានបង្ហាញជាគំនិតពិចារណាដូចខាងក្រោមនេះ៖

. ការគិតច្រើនហួសហេតុ

ជួនកាលការគិតច្រើនពេកពុំបានជួយអ្វីដល់អ្នកនោះឡើយ ពោលគឺធ្វើឱ្យអ្នកកាន់តែអារម្មណ៍ពិបាកទៅវិញ។ជំនួសអ្នកវិញអ្នកគួរដកឃ្លាខ្លះ គិតខ្លីៗជាងមុន និងមិនប្រមូលផ្តុំបញ្ហាមកជាន់គ្នាធ្វើឱ្យអ្នកខ្លួនឯងពិបាកឡើយ។ ដកដង្ហើមវែងៗ ហើយព្រលែងចោលបញ្ហាដែលមិនសំខាន់មិនចាំបាច់ចំពោះអ្នកចោល និងគិតដោះស្រាយតាមដំណាក់កាលជាជំហ៊ានៗ។

. ព្យាយាមបំពេញចិត្តមនុស្សគ្រប់គ្នា

សម្រាប់រឿងឬកិច្ចការមួយ អ្នកមិនអាចបំពេញចិត្តបានដល់មនុស្សរាល់គ្នានោះឡើយ។ ដរាបណាកិច្ចការជារឿងត្រឹមត្រូវគួរធ្វើ ទោះអ្នកផ្សេងមិនពេញចិត្ត ប៉ុន្តែមិនគួរប៉ះពាល់ដល់ដំណើរខំប្រឹងប្រែងអ្នកឡើយព្រោះវាជាជីវិតរបស់អ្នក ហើយការពេញចិត្ត និងមិនពេញចិត្តតែងកើតមានធម្មតាក្នុងសង្គមរស់នៅទូទៅ។

. កំហុសពីអតីតកាល

កំហុសពីអតីតកាលគឺមេរៀនដ៏ល្អដែលរំលឹកប្រាប់អ្នកឲ្យចៀសឆ្ងាយពីកំហុសឆ្គងមិនឱ្យកើតមានដូចមុន។ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏មិនគួរបន្ទោសខ្លួនឯងតពីរឿងអតីតកាលមកទល់ពេលនេះឡើយ។ ព្រោះអ្នកបានរៀនពីមេរៀនចាស់ពីអតីតកាលហើយបច្ចុប្បន្នអ្នកជាមនុស្សថ្មី ធ្វើសកម្មភាពថ្មី លទ្ធផលថ្មី និងគោលដៅថ្មី។

. តាមមនុស្ស

មនុស្សដែលនៅក្នុងជីវិតអ្នកពេលមួយពួកគេនឹងជួបអ្នក ហើយនិងមានពេលនៅជាមួយអ្នកដោយ​មិនបាច់បង្ខំ។ ផ្ទុយមកវិញ អ្នកដែលមិនមែននៅក្នុងជីវិតអ្នកថ្ងៃណាមួយពួកគេនឹងចាកចេញ បើទោះឃាត់ ក៏ឃាត់មិនបាន ដែលមានករណីឧទាហរណ៍ជាច្រើនបានលើកឡើង។ ដូច្នេះ ការតាមមនុស្សដែលមិនចង់នៅជាមួយជីវិតអ្នក គឺពុំមែនជារឿងល្អប៉ុន្មានទេដែលតម្រូវឱ្យចេះពិចារណាបានលម្អិតជាងមុន។

. ការបារម្ភពីអនាគត

អនាគតជារឿងដែលមនុស្សគ្រប់រូបខ្វល់ខ្វាយជាប្រចាំប៉ុន្តែការខ្វល់ខ្វាយយូរៗក្លាយជាទម្លាប់មួយមិនល្អជាប្រចាំទៅវិញ។ ពិតណាស់អ្នកបានខំប្រឹងប្រែងបំពេញកិច្ចការងារក៏ព្រោះដែលគោលដៅអនាគត ប៉ុន្តែពេលខាងមុខអ្នកមើលមិនទាន់ដឹងថាមានអ្វីនឹងកើតឡើងឡើយ ប៉ុន្តែអ្វីដែលអ្នកដឹងពេលនេះគឺអ្នកកំពុងធ្វើអ្វីខ្លះសម្រាប់ពេលខាងមុខ ហើយរៀនរីករាយនឹងអ្វីដែលកំពុងធ្វើនេះ។

. ប្រៀបធៀបខ្លួនអ្នក និងអ្នកដទៃ

ស្ថានភាពមនុស្សនិងបរិបទរស់នៅមនុស្សមានភាពផ្សេងៗគ្នាទាំងអស់មិនអាចប្រៀបគ្នាបាន។ អ្នកអាចរៀនសូត្រពីអ្នកដទៃក្នុងកម្រិតមួយដែលអាចសម្របទៅនឹងស្ថានភាពជាក់ស្តែងរបស់អ្នក ប៉ុន្តែអ្នកមិនគួរព្យាយាមប្រៀបធៀបជោគវាសនាអ្នក និងជោគវាសនាអ្នកដទៃ ដែលមានភាពផ្សេងគ្នា។ អ្នកនៅតែអាចរៀនសូត្រពីគេ ហើយរស់នៅក្នុងដំណើររបស់អ្នក ដែលមនុស្សយើងមានដំណើរផ្សេងៗគ្នាទាំងអស់។

. មន្ទិលសង្ស័យខ្លួនឯង

ចំណុចនេះសម្តៅលើការនៅស្ទាក់ស្ទើរ មិនលោះក្នុងការធ្វើ ឬសម្រេចការណ៍អ្វីមួយ។ តាមអ្នកមានសមត្ថភាពធ្វើបានដូចគេឯងគ្រាន់តែអ្នកសង្ស័យខ្លួនឯងច្រើន ទុកពេលយូរមិនទៅមុខ។ ដូច្នេះ រឿង ឬឱកាសដែលធ្វើបានគួរតែធ្វើ ដោយមិនគួរមើលងាយពីសមត្ថភាពអ្នក និងគួរចេះសាកល្បងឱកាសថ្មីខ្លះ បើអ្នកប្រឹងប្រែងនិងអត់ធ្មត់ នឹងទទួលបានផ្លែផ្កាយ៉ាងគ្រាប់ប្រសើរ៕