សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គំនិត​ច្នៃ​ប្រឌិត​មាន​ច្រើន​បែប ​​ច្រើន​សណ្ឋាន ​ទៅ​តាម​ការ​គិត​របស់​​​មនុស្ស​ម្នាក់​ៗ ហើយ​វា​ក៏​ជា​ផែន​ទី​ចង្អុល​បង្ហាញ​​អ្នក​ទៅ​​វិធី​​ថ្មីៗនិង​ប្រសើរ​ជាង​មុន​។ តែ​យ៉ាង​ណា បញ្ហា​ត្រង់​ថាគំនិត​ច្នៃ​ប្រឌិត​ថ្មី​ទាំង​នោះ​សម្រាប់​បុគ្គល​ម្នាក់​ៗ ពេល​ខ្លះ​ក៏​​​​​រាំង​ស្ទះទទេ​រ នឹក​ពុំ​ឃើញ​ផង​ដែរ។ យ៉ាង​ណា​មិញតាម​ការ​បក​ស្រាយ​បែប​វិទ្យាសាស្រ្ត​បាន​​បំភ្លឺ​នូវ​ចំណុច​៣ដែល​ជួយ​សម្រួល​ឱ្យ​យើង​មាន​គំនិត​ថ្មីៗ និង​ភាព​ច្នៃ​ប្រឌិត​ឡើង​វិញ​៖

យក​ចិត្ត​ទុក​ដាក់​ទៅ​លើACC ក្នុង​ខួរ​ក្បាល

តាម​វិទ្យាសាស្រ្តក្នុង​​សំណុំ​ខួរ​ក្បាល​មាន​ផ្នែក​មួយ​ឈ្មោះ​ថា Anterior Cingulate Cortex (ACC) ដែល​​​​​​ពាក់​ព័ន្ធ​ខ្លាំង​នឹង​អារម្មណ៍ និង​ការ​​ត្រិះ​ពិចារណា​​ហើយ​វា​ក៏​មាន​​តួ​នាទី​​ផ្តោត​លើ​​​ការ​បំផុស​​គំនិតការ​អនុវត្ត និង​​តួនាទី​ពិចារណា​​តាម​រយៈ​ការ​ចាប់​សញ្ញា​ផ្សេង​ៗ​​ក្នុង​ខួរ​ក្បាលហើយ​កែ​តម្រូវ​បញ្ហា​ទាំង​នោះ​​។ ហើយ​អ្នក​វិទ្យាសាស្រ្ត​​​​​អាមេរិក​ផ្នែក​ប្រព័ន្ធ​ប្រសាទលោក Mark Beeman និង​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​​អាមេរិក លោក John Kounios បាន​រក​ឃើញ​និង​​បក​ស្រាយ​ដូច​គ្នា​​ថាអ្វី​ដែល​ធ្វើ​​ឱ្យ​ផ្នែក​នេះ(ACC) ដំណើរ​ការ​បាន​ល្អគឺ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អស្រស់​​ថ្លា និង​សុវត្ថិភាព​។

Image

ផ្ទុយ​ទៅ​វិញ ពេល​អារម្មណ៍​យើង​​មិន​ល្អខួរ​ក្បាល​នឹង​កម្រិត​​​សមត្ថភាព​របស់ACC និង​គំនិត​ថ្មី​ៗ​របស់​យើងហើយ​​ក៏​កម្រិត​នូវ​អារម្មណ៍​ទៅ​អនុវត្ត​​​ដោះ​ស្រាយ​បញ្ហា​នោះ​ទៀត​​ផង។ នៅ​ក្នុង​នោះអ្នក​ជំនាញ​ពី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​រូប​ខាង​លើក៏​បាន​លើក​ឡើង​ផង​ដែរអំពី​​ការ​គិត​បែប​វិជ្ជមាន​ការ​សមាធិ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​នៅ​ពេល​មាន​អារម្មណ៍​ល្អ ឬ​អារម្មណ៍​មិន​ល្អនឹង​ជួយ​ទៅ​ដល់​ដំណើរ​ការ​ ACC មក​វិញ​បាន​ផង​ដែរពោល​​គឺ​​​​អារម្មណ៍​ស្រស់​ថ្លា​ការ​នឹក​ឃើញ​គំនិត​ថ្មីៗ​នឹង​កើត​ឡើង​វិញ​មិន​ខាន។

សារៈសំខាន់​នៃ​ពេល​វេលា​ដែល​មាន​គុណភាពនិង​ពេល​ដែល​ពុំ​មាន​អ្នក​​រំខាន

ពេល​វេលា​ដែល​មាន​គុណ​ភាពន័យ​នេះ​គឺ​សម្តៅ​លើ​ពាក្យ​បច្ចេក​ទេ​សមួយ​ហៅ​ថា"Non-time” ដែល​មាន​ន័យ​ថាពុំ​មាន​រវល់​អ្វី​សោះឬ​​ខ្វល់​ខ្វាយ​​ពី​រឿង​ផ្សេង​​មក​លាយ​លំ​ជា​មួយ ដែល​ពេល​នោះ​គឺ​ច្រើន​ចាប់​​ពី​ម៉ោង​៤​ពេល​ព្រលឹម​ ដែល​ជា​ពេល​មេឃ​នៅ​ងងឹត​តែ​ស្ងប់​ស្ងាត់​សម្រាប់​​មនុស្ស​អាច​សមាធិ​នឹក​ឃើញ​​គំនិត​ថ្មីៗ​ច្នៃ​ប្រឌិត​ថ្មី​ជា​ច្រើនដោយ​ពុំ​មាន​អ្វី​ៗ​មក​រំខាន ឬ​ឱ្យ​ខ្វល់​ខ្វាយ​​ចូល​ជា​មួយដែល​ជា​ហេតុ​​ឱ្យ​ការ​ស្មឹង​ស្មាធ​​​គំនិត​ថ្មី​ៗ​មាន​ច្រើន។

​​​​​​​​ដោយ​ឡែក​ពេល​មួយ​ទៀតដែល​​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យUtah បាន​លើក​ឡើង​ថាជួយ​ឱ្យ​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់នោះ​គឺ​ការ​ដក​ខ្លួន​និង​មាន​ពេល​សម្រាប់​គិត​ពិចារណា​ដោយ​ពុំ​មាន​ការ​រំខាន​ពី​នរណា​ម្នាក់​។ អ្នក​វិទ្យាសាស្រ្ត​ទទួល​ស្គាល់​ថាការ​​នៅ​ជា​ក្រុម​នឹង​មាន​​គំនិត​ច្រើន ប៉ុន្តែ​ការ​នៅ​តែ​ម្នាក់នឹង​ធ្វើ​គំនិត​មួយ​ស៊ី​ជម្រៅ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​ពិសោធ​នូវ​ពិន្ទុ​លើ​​ក្រុម​អ្នក​​ស្ម័គ្រ​ចិត្ត​ផង​ដែរថា​ នៅ​ពេល​ពួក​គេ​ចំណាយ​ពេល​៤​ថ្ងៃនៅ​​កន្លែង​​ធម្មជាតិ​តែ​​ម្នាក់​ៗ​ឯង ​ពិន្ទុ​នៃ​ភាព​ច្នៃ​ប្រឌិត​របស់​ពួក​គេ​ក៏​បាន​កើន​ឡើង។

មាន​ចំណុច​ច្បាស់​លាស់​​មួយ​ជា​គោល​

នៅ​ក្នុង​ការ​សិក្សា​មួយ​ដោយ​សាកលវិទ្យាល័យRider នៃ​រដ្ឋ​New Jersey ​សហរដ្ឋ​អាមេរិក បាន​សិក្សា​ពី​ទំនាក់​ទំនង​នៃ​ការ​កម្រិតទៅ​នឹង​ភាព​ច្នៃ​ប្រឌិត។ ការ​សិក្សា​​ពិសោធ​​ភាព​ច្នៃ​ប្រឌិត​ទៅ​លើ​​សិស្ស​ស្ម័គ្រ​ចិត្ត​ពីរ​ក្រុម ដោយ​​ក្រុម​ទី១ គ្រូ​បាន​ឱ្យ​នូវ​ពាក្យ​​​ចំនួន​៨​ពាក្យ ​សម្រាប់​ជា​ការ​តែង​​ឃ្លា​កំណាព្យ​​ជូន​ពរ។ ដោយ​ឡែក​ក្រុម​ទី២ពុំ​​បាន​ឱ្យ​ពាក្យ​អ្វី​ឡើយប៉ុន្តែ​តម្រូវ​ឱ្យ​តែង​ឃ្លា​​កំណាព្យ​ជូន​ពរ​ដូច​គ្នា។ជា​លទ្ធផ​ល​ ក្រុម​ដែល​​​គ្រូ​បាន​ឱ្យ​ពាក្យ​ចំនួន​៨​ពាក្យ​សម្រាប់​តែងមាន​ភាព​លេច​ធ្លោ​​ និង​​ភាព​ច្នៃ​ប្រឌិត​ជាង​​ក្រុម​ដែល​អនុញ្ញាត​ឱ្យ​តែង​សេរី។ សរុប​មក​វិញក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថាការ​កំណត់​ចំណុច​ជា​គោល​សម្រាប់​ការ​គិត​ច្នៃ​ប្រឌិតនឹង​មាន​ប្រសិទ្ធិភាព ហើយ​​ក៏​គួរ​បូក​រួម​នឹង​រយៈ​ពេល​សម​ល្មម​មួយ​ផង​ដែរដើម្បី​ឱ្យ​ការ​បង្កើត​​គំនិត​ថ្មី​ៗ​នោះ​មាន​​ប្រសិទ្ធិភាព​៕