រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី ២០ ខែ កក្កដា ឆ្នាំ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃ“មូលនិធិគន្ធបុប្ផាកម្ពុជា” តាមរយៈបណ្ដាញអនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំង សមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព របស់មូលនិធិនិងដំណើរការនៃការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
១. វឌ្ឍនភាពនៃការទទួលថវិកាបរិច្ចាគនិងរបាយការណ៍ហិរញ្ញវត្ថុ
គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២១,“មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលថវិកាបរិច្ចាគសរុបចំនួនប្រមាណ ១៥,៧លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ ៩, ៧០% បើធៀបទៅនឹងរយៈពេល៦ ខែដំបូង ក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ, ថវិកាដែលមិនទាន់យកទៅប្រើប្រាស់ ក៏ត្រូវបានវិនិយោគជាការដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារពាណិជ្ជដែលការប្រាក់ដែលទទួលបាន ត្រូវបានចាត់់ទុកថាជាចំណូលបន្ថែមរបស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ។ ទន្ទឹមនេះ,ត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ, “មូលនិធិគន្ធបុប្ផាកម្ពុជា” ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យជាបន្តបន្ទាប់ដែលមានចំនួនសរុបប្រមាណជាង ៤ លានដុល្លារអាមេរិក ។
ត្រឹមរយៈពេលដូចគ្នានេះ, “មូលនិធិគន្ធបុប្ផាកម្ពុជា” ទទួលបានសមាជិកចំនួន ៦២,២៨៥ នាក់ ។
គួបញ្ជាក់ដែរថា “របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០ របស់មូលនិធិគន្ធបុប្ផាកម្ពុជា” ត្រូវបានដាក់ឱ្យធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មលំដាប់អន្តរជាតិ PriceWaterhouseCooper ដែលសវនករឯករាជ្យបានផ្តល់មតិថា “តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមគោលការណ៍គណនេយ្យ”ដោយមិនមានភាពខុសឆ្គង និងក្លែងបន្លំឡើយ ។
២. សកម្មភាពផ្សព្វផ្សាយ និងទិសដៅក្នុងការកៀរគរការបរិច្ចាគ
ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩, លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បាន និងបន្តផ្តោតសំខាន់លើការអនុវត្តសកម្មភាពបំផុសចលនាកៀរគរការបរិច្ចាគតាមរយៈប្រព័ន្ធអនឡាញ (Online) ក្នុងគោលបំណងប្រមូលវិភាគទានសប្បុរសធម៌ក៏ដូចផ្សព្វផ្សាយជាសាធារណៈ អំពីមូលនិធិដោយមានសកម្មភាពចម្បងៗដូចជា៖ ១. កិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាដៃគូក្នុងការទទួលការបរិច្ចាគជា E-donation, ២. ការផលិតវីដេអូផ្សព្វផ្សាយដែលមានភាពសម្បូរបែប, ៣. ការរៀបចំយុទ្ធនាការនិងកម្មវិធីនានា ជាពិសេសកម្មវិធីដែលមានការចូលរួមសហការ និងគាំទ្រដោយបណ្តាក្រុមហ៊ុននានាដើម្បីផ្សព្វផ្សាយ និងប្រមូលការបរិច្ចាគ, និង ៤. ការបន្តដាក់ហិបទទួលការបរិច្ចាគនៅតាមទីសាធារណៈជាពិសេសផ្សារទំនើប និងភោជនីយដ្ឋាននានា ។
បន្ថែមលើវឌ្ឍនភាព និងទិសដៅការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមប្រឹក្សាបរធនបាល ក៏បានទទួលនូវរបាយការណ៍អំពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ ២០២១ នេះ ដែលក្នុងនោះ មន្ទីរពេទ្យបានទទួលព្យាបាលចំនួនជាង២២៦ ១៩៤ នាក់ ដែលករណីជំងឺធ្ងន់មានចំនួន ៤៥ ០៧៥ នាក់ បានសម្រាកព្យាបាល និង ចំនួន ១០១៩០ នាក់ទទួលការវះកាត់ ។ ផ្នែកសម្ភព មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ឬមន្ទីរពេទ្យជ័យវរ្ម័នទី ៧ បានទទួលពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះចំនួន ៤១ ៨៥៥ នាក់ និងបានទទួលសម្រាលកូនចំនួន ១០៣២៣ នាក់ ។
ជាមួយគ្នានេះដែរ,ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យបានរៀបចំសម្រួលហេដ្ឋា-រចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ ក្នុងការព្យាបាលអ្នកជំងឺដែលរកឃើញមេរោគកូវីដ-១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យនិងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាប ផងដែរ
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងបំពេញការងារពិនិត្យនិងព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាជូនកុមារដ៏ច្រើន និងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញការងារដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាងនិងអភិវឌ្ឍទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងបំពេញការងារកៀរគរការបរិច្ចាគនាពេលកន្លងមក និងបានណែនាំឱ្យលេខាធិការដ្ឋាន ខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយដល់សាធារណជនឱ្យបានយល់ដឹងអំពីវត្តមាន និងសារៈសំខាន់របស់ “មូលនិធិគន្ធបុប្ផាកម្ពុជា” ក្នុងគោលដៅកៀរគរវិភាគទានសប្បុរសធម៌បន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តរួមចំណែកទ្រទ្រង់ប្រតិបត្តិការនិងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី “ខ្មែរជួយខ្មែរ”ឱ្យបានកាន់តែទូលំទូលាយ ។