រាជធានីភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបប្រជុំសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ឯកឧត្តមរដ្ឋមន្រ្តី៖”មន្រ្តីត្រូវមានសាមគ្គីភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ រួបរួមគ្នាធ្វើការដើម្បីប្រយោជន៍រួម”។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។ 

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាយើងបង្កើនការយកចិត្តទុកដាក់ ចំពោះការថែរក្សាសុខភាពនិងអនាម័យផ្ទាល់ខ្លួនខ្ពស់សំដៅទប់ស្កាត់ការឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩។

ទន្ទឹមនេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវ ដល់មន្ត្រីរាជការយើង ចូលរួមដោយស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួន ជាមួយនឹងគណៈកម្មជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនយើងទាំងអស់គ្នាផងដែរ៕