រាជធានីភ្នំពេញ៖ ថ្លែងក្នុងសុន្ទរកថាគន្លឹះ ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការបង្កើនផលិតភាព ក្នុងអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២០ ដែលរៀបចំតាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនៅក្នុងល្បឿន និងជវភាពកាន់តែខ្ពស់ ដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗពីប្រទេសអភិវឌ្ឍ ព្រមទាំងរៀនពីគ្នាទៅវិញទៅមក និងការបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់និយោជកពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធាន ដូចជាធនធានផលិតកម្មដទៃទៀត ទៅជាការចាត់ទុកថាជា “មូលធន” ដែលត្រូវការចាំបាច់ធ្វើការវិនិយោគជាប្រចាំដើម្បីលើកកម្ពស់និងពង្រីកជំនាញឱ្យមានសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សង្កត់ធ្ងន់ថា កំណើនផលិតភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបានផលិតផលដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពរួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។ កំណើនផលិតភាពក៏ជាមធ្យោបាយសម្រាប់សេដ្ឋកិច្ចជាតិមួយ ក្នុងការដំឡើងប្រាក់ឈ្នួលឱ្យប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយចីរភាព។

ជានិយមន័យខ្លី ផលិតភាពគឺជាទំនាក់ទំនងរវាងបរិមាណនៃមុខចេញ (output) និងបរិមាណនៃមុខចូល (input) ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមុខចេញនោះ។ ក្នុងន័យនេះ ផលិតភាពមិនគ្រាន់តែជាការផលិតមុខចេញប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងប្រកបដោយស័ក្តិសិទ្ធិភាពផងដែរ។

ដូច្នេះ កំណើនផលិតភាពអាចត្រូវសម្រេចបានតាមរយៈការប្រើប្រាស់កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនូវធនធានដូចជា ពលកម្ម មូលធន និងវត្ថុធាតុដើម ក្នុងផលិតកម្មនៃផលិតផលនិងសេវា។ ក្នុងន័យនេះ កំណើនផលិតភាពការងារ គឺជាការកើនឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃពលកម្មនៅក្នុងការផលិត និងការលក់ ដែលកំណត់ដោយឥរិយាបថ និងជំនាញរបស់កម្មករនិយោជិត ព្រមទាំងកត្តាដទៃទៀតដែលជះឥទ្ធិពលលើមុខចេញ និងមុខចូល រួមមានបច្ចេកវិទ្យា នវានុវត្តន៍ ប្រព័ន្ធនិងដំណើរការ ការវិនិយោគលើគ្រឿងម៉ាស៊ីននិងឧបករណ៍ និងកត្តាតម្រូវការ៕