រាជធានីភ្នំពេញ៖ ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ ចាប់តាំងពីថ្ងៃដែលប្រកាសពីការរកឃើញ ការឆ្លងសហគមន៍ជាថ្មីចំនួនអ្នកឆ្លងសរុបឡើងដល់ ៧៦នាក់ (ក្នុងថ្ងៃ២២នេះ ក្រសួងប្រកាសថា រកឃើញវិជ្ជមាន ៣១នាក់បន្ថែមទៀត ) ហើយទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ នេះ ឡើងដល់ ២៣កន្លែង។
ក្រសួងសុខាភិបាល បានបញ្ជាក់ថានេះជាករណីស្មុគស្មាញសម្រាប់កម្ពុជា ជាងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២៨វិច្ឆិកា២០២០ដែលវិធានការត្រូវដាក់ចេញជាបន្តបន្ទាប់តាមទីតាំងដែលរកឃើញ។
សូមជម្រាបជូនដែរថា ចំនួនអ្នកដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩សរុបត្រឹមថ្ងៃនេះចំនួន៩៣នាក់ ក្នុងនោះមានអ្នកដំណើរពីក្រៅប្រទេស និងពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃកំពុងសម្រាកព្យាបាលតាមទីតាំងកំណត់ មានដូចជា៖ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៤៤នាក់ មន្ទីរពេទ្យបង្អែកខេត្តបៃលិន ០១នាក់ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ០១នាក់ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៤៤នាក់ មណ្ឌលសុខភាពចាក់អង្រែ ០៣នាក់៕