សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ជាអ្នកសរសេរម្នាក់(ការងារតែងនិពន្ធ) គឺប្រៀបដូចនឹងការបង្ហាញនូវលក្ខណៈពិសេសរបស់អ្នកតាមរយៈអារម្មណ៍គំនិតជាការពិចារណា និងភាពដើមរបស់អ្នកផ្ទាល់ ដោយមិនគ្រាន់តែជាការសរសេរឱ្យមានតែពាក្យ ឬឃ្លា រួចហើយនោះទេ។ នេះជាការលើកឡើងរបស់អ្នកនិពន្ធអាមេរិកម្នាក់ គឺលោកស្រី Jacqueline Woodson ដែលគេស្គាល់លោកស្រីតាមរយៈស្នាដៃនិពន្ធសៀវភៅសម្រាប់កុមារ និងយុវវ័យ។ ខាងក្រោមនេះជាដំបូន្មានខ្លះៗសម្រាប់អ្នកចង់ផ្តើម ការងារជាអ្នកនិពន្ធដោយមិនមានការប្រកាន់អាយុដែលបានចែករំលែកពីអ្នកនិពន្ធរូបនេះផ្ទាល់៖
១.សរសរអ្វីមួយដែលល្អ ហើយអ្នកសរសេរមានអារម្មណ៍ល្អក្នុងការសរសេរវាឡើង
”សរសេរអ្វីមួយដែលជាប្រយោជន៍ ហើយអ្នកសរសេរមានអារម្មណ៍ល្អក្នុងការសរសេរវាឡើង" នេះជាការលើកឡើងរបស់លោកស្រី។ ការលើកឡើងខ្លីសាមញ្ញបែបនេះ គឺជាហេតុផលមួយដែលជម្រុញឱ្យម្ចាស់ជ័យលាភីលើស្នាដៃសរសេររូបនេះបានបន្សល់សា្នដៃជាង៣០ក្បាល ទៅដល់អ្នកជំនាន់ក្រោយហើយលោកស្រីក៏អាចបន្តសរសេរស្នាដៃបន្តពិសេសប្រលោមលោកមួយក្បាលឈ្មោះថា "RED AT THE BONE” ដែលបានចេញផ្សាយក្នុងប៉ុនា្មនឆ្នាំថ្មីៗនេះ។
២.ភាពច្នៃប្រឌិត
ចំណុចសំខាន់មួយទៀតដែលអ្នកអាចសរសេរបានគឺភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ពាក្យដែលអ្នកមានពាក្យដែលអ្នកស្គាល់ហើយអ្នកអាចពិព័ណ៌នាគំនិតមួយដែលអ្នកចង់បង្ហាញប៉ុន្តែពុំមែនជាការប្រាប់នោះឡើយ។
៣.ចែករំលែកនូវទស្សនៈ ឬគំនិតផ្ទាល់ខ្លួនអ្នក
អាចនិយាយថាមានមនុស្សមិនច្រើនទេដែលមានគំនិតឬទស្សនៈប្រហាក់ប្រហែលអ្នក ដូចនេះការសរសេរចែករំលែកក្នុងលក្ខណៈផ្ទាល់ខ្លួន និងភាពជារូបអ្នកផ្ទាល់ដែលជាចំណុចមួយអាចប្រាប់ទៅដល់អ្នកអានពីគោលគំនិតប្លែកៗដែលមនុស្សម្នាក់ៗមានផ្សេងៗគ្នា។
៤.ការតែងនិពន្ធដោយសរសេរចេញពីអារម្មណ៍
ការសរសេរគឺកើតចេញពីអារម្មណ៍ចេញពីចិត្តអ្នកផ្ទាល់។ ហើយប្រសិនបើការសរសេរនោះជាមួយអារម្មណ៍ដែលកើតមានមិនដូចគ្នានោះកិច្ចការងារនឹងមិនសូវបានជាល្អប៉ុន្មានទេ នេះក៏ព្រោះថាអ្នកមិនធ្វើលើកិច្ចការងារដែលមានអារម្មណ៍ចង់ធ្វើនោះឡើយ។ នេះបើតាមលោកស្រី Woodson បាននិយាយចែករំលែកសម្រាប់ការងារតែងនិពន្ធ។
៥.ត្រៀមនិងចាប់ផ្តើមសរសេរ
ចំនុចនេះគឺសម្តៅលើការត្រៀមខ្លួន និងសម្រួចនូវអ្វីដែលអ្នកចង់សរសេរប្រាប់ទៅកាន់អ្នកអានបានដឹង។ ការត្រៀមខ្លួនគឺសម្តៅលើការស្រាវជ្រាវលើអ្វីជាគោលគំនិត ដែលចង់សរសេរបង្ហាញប្រភេទស្នាដៃ ក៏ដូចជាបទពិសោធពាក់ព័ន្ធដែលចង់បង្ហាញហើយចាប់ផ្តើមធ្វើវា។ ក៏គួរចាំថាការងារទាំងអស់សុទ្ធសឹងតែត្រូវជួបឧបសគ្គខ្លះ ប៉ុន្តែអ្នកនឹងអាចរកវិធីដោះស្រាយហើយបង្កើតវាចេញជារូបរាងឡើងបាន៕