ជំនាញមួយយើងអាចរៀននិងអនុវត្តវាបានប្រសើរតាមវីធី ឬរបៀបរៀនជាច្រើន មិនថាចូលរៀននៅឯសាលារៀនពីមនុស្សជុំវិញខ្លួន ឬមួយតាមការស្វ័យសិក្សាពីប្រភពចំណេះដឹងផ្សេងៗ។ ចំណុចខាងក្រោមនេះជាគំនិតខ្លះៗ សម្រាប់អ្នកអាចបើកផ្លូវរៀនសូត្រអភិវឌ្ឍសម្រាប់ចំណេះជំនាញមួយឱ្យបានប្រសើរ។

. ជម្នះភាពភ័យខ្លាចដែលមិនបានជួយអ្វីសោះ

ពិតមែនជំហានទី១គឺជម្នះភាពភ័យខ្លាច។ភាពភ័យខ្លាចដែលរារាំងអ្នកពីការអភិវឌ្ឍខ្លួនទៅមុខ បើអ្នកខ្លាចមិនហ៊ានពីការឡើងនិយាយសាធារណៈដូចនេះអ្នកនៅតែអាចរៀនជំនាញនិយាយជាសាធារណៈ ឬមួយចូលជាសមាជិកក្រុមដែលអភិវឌ្ឍជំនាញនេះ។ បើជាងនេះ អ្នកនៅមិនហ៊ាន ក៏អាចស្វែងរកគ្រូបង្ហាត់ណាដែលអាចស្វែងយល់ពីចំណុចខ្វះខាតអ្នកនឹងដឹកនាំអ្នកក្នុងការកែលម្អ ព្រមទាំងជួយអ្នកបង្កើនទំនុកចិត្តជំនាញនោះ។

. អាន

អានប្រៀបដូចជាការពង្រីកចំណេះដឹងអ្នកទៅលើប្រធានបទ ឬជំនាញដែលអ្នកប្រាថ្នាចង់ចេះ។ ទន្ទឹមនឹងអ្នកបានគំនិតថ្មីៗការអានក៏បានបណ្តុះឱ្យអ្នកចេះត្រិះរិះគិតគំនិតទាំងនោះបង្កើនសមត្ថភាពយល់ដឹងពីជំនាញរបស់អ្នកតាមបែបណា ឬរបៀបដែលស័ក្តិសម និងងាយស្រួលសម្រាប់អ្នក។ ជាមួយចំណុចនេះអ្នកអាចអនុវត្តដោយការកំណត់គោលដៅថាអានអត្ថបទ ឬសំណេរអប់រំណាមួយ/១ថ្ងៃ ឬមួយសៀវភៅមួយក្បាល/១ខែ។

៣. រៀនពីប្រភពផ្សេងៗ

ជំនាញមួយអ្នកក៏អាចអភិវឌ្ឍវាដោយរៀនពីប្រភពផ្សេងៗជាទៀតផងដែរ ដូចជាតាមសិក្ខាសាលា សាលារៀនជំនាញ វីដេអូណែនាំ ឯកសារស្រាវជ្រាវពីអ៊ីនធើណេតឬការចុះអនុវត្តដោយការប្រលូកផ្ទាល់នឹងដំណើរការនៃជំនាញនោះដោយការស្ម័គ្រចិត្ត ឬជាជំនួយការជាដើម។​

៤. សង្កេតពីអ្នកផ្សេងៗ

រៀន និងសង្កេតពីអ្នកដែលជាគំរូដល់អ្នក អ្នកដែលជម្រុញទឹកចិត្តអ្នកឱ្យស្រលាញ់ជំនាញនោះ។បន្ថែមពីនោះអ្នកអាចចូលរួមក្នុងក្រុមដែលពួកគេមានជំនាញទាំងនោះ បង្កើតទំនាក់ទំនង និងរៀនសូត្រពីបទពិសោធអនុវត្តផ្ទាល់របស់ពួកគេនិងអាចជួយអ្នកបានច្រើន។

៥. កត់ត្រា

ពិតមែនការកត់ត្រាចំណុចសំខាន់ៗ ជាផ្នែកមួយនៃការសិក្សារៀនសូត្រ។ រៀងរាល់ថ្ងៃនិងរាល់សប្តាហ៍ កំណត់ត្រាគន្លឹះសំខាន់ៗពីជំនាញណាមួយ នឹងជួយរំលឹកអ្នក មានពេលស្វែងយល់និងពិចារណាបន្ថែមពីចំណុចសំខាន់ និងប្រាប់អ្នកពីចំណុចខ្វះខាតណាខ្លះដែលអ្នកត្រូវបំពេញក៏ដូចជា ជាកំណត់ហេតុតាមដានពីកម្រិតចំណេះដឹងរបស់អ្នកទៅលើជំនាញនោះផង។

៦. សុំមតិយោបល់

នៅពេលមួយដែលអ្នកប្រលូកលើជំនាញ និងសម្រេចបានសមិទ្ធផល អ្នកក៏អាចសុំយោបល់នៃការយល់ឃើញពីមិត្តភក្តិ មិត្តរួមការងារ ឬសមាជិកគ្រួសារដើម្បីស្វែងយល់ទស្សនៈរបស់ពួកគេទៅលើសមត្ថភាពជំនាញដែលអ្នកបានអភិវឌ្ឍ។ អ្នកអាចត្រៀមទទួលទាំងមតិល្អ និងមតិរិះគន់ដើម្បីស្វែងយល់ពីចំណុចខ្វះខាត យកមកថ្លឹងថ្លែងរួចកែលម្អបន្ថែមឱ្យបានប្រសើរ៕