មណ្ឌលគិរី៖ ផ្ទៃដីចំការស្រល់ដែលលាតសន្ធឹងល្វឹងល្វើយក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធររកឃើញ ថាកំពុងមានភាពមិនប្រក្រតីក្នុងការកាន់កាប់ ខណៈដីចំការស្រល់ទាំងនេះគឺជាដីក្រសួងកសិម្ម រុក្ខប្រមាញ់និងនេសាទ មិនអនុញ្ញាតឲ្យក្លាយកម្មសិទ្ធបុគ្គលនោះទេ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលតំបន់ទាំងនោះ និងបញ្ជាឲ្យជំនាញពាក់ព័ន្ធគ្រប់អង្គភាពផ្ទៀងផ្ទាត់ឡើងវិញដោយត្រូវដកហូតដីទាំងអស់នោះ មកជារបស់រដ្ឋ លើកលែងតែដីដែលមានការកាន់កាប់ច្បាស់លាស់របស់ប្រជាពលរដ្ឋជាយូរណាស់មកហើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ដីចំការស្រល់នេះជាតំបន់ដែលព្រះមហាក្សត្រ ធ្លាប់យាងមកប្រារព្ធពិធីរុក្ខទិវាក្នុងឆ្នាំ២០០៤ ខណៈដែលអាជ្ញាធរកំពុង ជំរុញឲ្យចុះបញ្ជីដីនេះជាសម្បត្តិរដ្ឋ ហើយក្នុងដំណើរការចុះបញ្ជី ក៏ពិនិត្យឃើញមានការពាក់ព័ន្ធជាមួយ និងប្រជាពលរដ្ឋមួយចំនួនដែលចំណុចនេះអាជ្ញាធរនឹងដោះស្រាយតាមបែបបទរដ្ឋបាល ដើម្បីឈានដល់ការដកហូតតំបន់ដីចំការស្រល់ទាំងនេះមកវិញ ។

លោកអភិបាលខេត្តមណ្ឌលគិរី បន្តទៀតថា ទោះជាយ៉ាងណានៅមិនទាន់ដឹងអំពីទំហំនៃផលប៉ះពាល់នៅឡើយទេ ដោយមន្ត្រីជំនាញកំពុងធ្វើការងារនេះ។ តំបន់ចំការស្រល់ ដែលមន្ត្រីជំនាញចុះបញ្ជីជាសម្បត្តិរដ្ឋ នឹងដាំដើមស្រល់ដែលបាត់បង់ឡើងវិញ ដើម្បីក្លាយទៅជាគោលដៅដ៏ស្រស់ស្អាតទាក់ទាញភ្ញៀទេសចរណ៍ ព្រោះតែទីនេះមានសក្តានុពល ទេសចរណ៍ស្រាប់តែម្ដង។

លោកអភិបាលខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្រុមការងារនឹងពិនិត្យលើលិខិតកាន់កាប់របស់ប្រជាពលរដ្ឋ កន្លែងណាមានលិខិតកាន់កាប់ស្របច្បាប់ នឹងដោះស្រាយតាមនីតិវិធីកន្លែងដែលកាន់កាប់ខុសច្បាប់គឺដកហូតតែម្ដង។

សូមបញ្ជាក់ថា បើតាមមន្ត្រីជំនាញបានអះអាង តំបន់ចំការស្រល់ដែលរងផលប៉ះពាល់ក្នុងការកាន់កាប់មិនប្រក្រតី គឺលាតសន្ធឹងក្នុងសង្កាត់ស្ពានមានជ័យ និងសង្កាត់រមនា ក្រុងសែនមនោរម្យ៕

ប្រភព៖ម​ន្ទីរព័ត៌មានខេត្តមណ្ឌលគិរី