បន្ទាយមានជ័យ៖ ថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយកងកម្លាំងចម្រុះ ចុះពិនិត្យ មើលទឹកជំនន់ទឹកភ្លៀង និងកាយបើកមុខទឹកបង្ហូរ និងបញ្ចៀសពីការជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះស្ថិតនៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បន្ទាប់មក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបន្តដំណើរពិនិត្យមើលស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពិនិត្យមើលសកម្មភាពគ្រឿងចក្រកាយបិទទប់ទំនប់ស្តេច ក្នុងភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ដែលត្រូវបានទឹកហូរច្រោះដាច់។

សូមជម្រាបជូនថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុង១សប្តាហ៍នេះទទួលរងទឹកភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនជាប់ និងទទួលលំហូរទឹកមកពីព្រំដែនថៃ និងស្រុកបរវិល ខេត្តបាត់ដំបង បានបង្ករឲ្យមានការជនលិចនៅតំបន់មួយចំនួន ក្នុងស្រុកមួយចំនួន ។ តែមិនមានបញ្ហាអ្វីអោយរងគ្រោះខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ និងមនុស្សសត្វនោះទេ។

ឯកឧត្ត អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំ ក្រើនរំលឹកដល់មន្ត្រីជំនាញគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ក្នុងខេត្ត មានវិធានត្រៀមលក្ខណៈគ្រប់មធ្យោបាយ កងកម្លាំង ដើម្បីឆ្លើយតបដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង ។

ឯកឧត្តមក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់នេះកើតឡើង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ