តឹកតាងប្រវត្តិសាស្ត្រជាច្រើន បានបង្ហាញរូបរាងនិងកប់នៅក្នុងដីជាច្រើនតំបន់ នៅក្នុងប្រទេសដែលសុទ្ធតែជាចំណុចយ៉ាងសំខាន់សម្រាប់អ្នកជំនាញ ជាពិសេសជនជាតិខ្មែរដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបង្ហាញទៅកាន់ប្រជាជនជំនាន់ថ្មី ឱ្យកាន់តែលម្អិតនិងច្បាស់លាស់ពីភាពអស្ចារ្យរបស់ដូនតាខ្មែរ។
បុគ្គលបង្គោលដែលជាអ្នកមានសមត្ថភាពស្រាវជ្រាវ និងបង្ហាញពីតឹកតាងប្រវត្តិសាស្រ្តទាំងអស់នោះ គឺជាអ្នកជំនាញបុរាណវិទ្យា។ ទាក់ទងនឹងបញ្ហានេះ បណ្ឌិត ផុន កសិកា អ្នកជំនាញបុរាណវិទ្យាតាមរយៈការផ្សព្វផ្សាយជាមួយនឹងរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា បុរាណវិទ្យាជាមុខវិជ្ជាយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ លោកថាការសិក្សាមុខវិជ្ជានេះ មានគោលបំណងសំខាន់ៗចំនួន៣យ៉ាងគឺ សិក្សាពីវប្បធម៌កសាងឡើងវិញនូវជីវិត និងជីវភាពរស់នៅក្នុងអតីតកាល ពន្យល់អំពីបម្រែបម្រួលវប្បធម៌និងការធ្វើបុរាណវត្ថុវិទ្យាឱ្យមានទំនាក់ទំនងជាមួយបច្ចុប្បន្ន។
លោកបណ្ឌិត បានបញ្ជាក់ផងដែរថា គោលបំណងនៃការសិក្សាជំនាញដ៏សំខាន់នេះ គឺស្វែងយល់ពីរបៀបនិងមូលហេតុនៃការបម្រែបម្រួលអាកប្បកិរិយារបស់មនុស្សពីសម័យកាលមួយទៅសម័យកាលមួយទៀត។ អ្នកជំនាញបុរាណវិទ្យាស្រាវជ្រាវអំពីគំរូឬលក្ខណៈនៃការវិវត្តព្រឹត្តិការណ៍វប្បធម៌សំខាន់ៗដូចជា ការអភិវឌ្ឍវិស័យកសិកម្មការលេចរូបរាងទីក្រុង ការធ្លាក់ចុះនៃអារ្យធម៌ធំៗ។ សំខាន់នោះគឺអ្នកជំនាញបុរាណវិទ្យា ស្រាវជ្រាវអំពីរបៀបដែលអាចទស្សទាយអំពីការប្រែប្រួលនៃវប្បធម៌ ហើយត្រូវមានគម្រោងល្អៗបែបណាដើម្បីអនាគត។ ការស្រាវជ្រាវបុរាណវត្ថុវិទ្យាមិនត្រឹមតែសិក្សាលើអ្វីៗដែលរៀបរាប់ខាងលើប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវបេតិកភណ្ឌ និងប្រវត្តិសាស្ត្រសម្រាប់វប្បធម៌ផ្សេងៗទៀតផងដែរ។
អ្នកជំនាញខាងលើបានសង្កត់ធ្ងន់ផងដែរថា យើងនឹងមិនអាចដឹងអំពីការអភិវឌ្ឍវប្បធម៌របស់មនុស្សនៅសម័យបុរេប្រវត្តិបានទេប្រសិនបើមិនមានការសិក្សាតាមបែបបុរាណវត្ថុវិទ្យា។ ជាងនេះទៅទៀតបុរាណវត្ថុវិទ្យាបង្ហាញអំពីរូបរាងនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជាអ្នកបម្រើ អ្នករករករ៉ែ និងកម្មករងន្តោប្រវេសន៍នៅសម័យកាលដំបូងៗដែលមិនមានកត់ត្រាល្អិតល្អន់ពីអ្នកប្រវត្តិសាស្រ្ត៕