សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
អំឡុងពេលLockdown ជាការបិទខ្ទប់សកម្មភាពចរាចរណ៍ចេញចូលខ្លះនៅមួយកន្លែងដើម្បីបញ្ចៀសពីស្ថានភាពមិនល្អផ្សេងៗហើយការនេះក៏មានឥទ្ធិពលលើការរស់នៅប្រចាំរបស់យើងមួយចំនួន។ ប៉ុន្តែយើងក៏អាចរិះរកវិធីមួយចំនួនដែលយើងអាចដោះស្រាយបាន ពិសេសទៅលើសុខភាពទាំងកាយ និងផ្លូវចិត្តដែលមានក្នុងអំឡុងពេលស្ថានភាពពិបាកទាំងអស់គ្នាដោយសារមេរោគកូវីដនេះ។ ខាងក្រោមជាគន្លឹះខ្លីៗពីអង្គការសុខភាពពិភពលោក(WHO)ដែលបានណែនាំសម្រាប់ការរក្សាសុខភាពផ្លូវចិត្ត និងកាយដែលយើងអាចលៃលកធ្វើបានទៅតាមស្ថានភាព៖
១.មានពេលសម្រាប់សកម្មភាពសកម្ម
ទម្លាប់សកម្មគួរគប្បីរក្សាព្រោះសកម្មភាពសកម្មមានឥទ្ធិពលល្អទាំងសុខភាពផ្លូវកាយនិងចិត្តរបស់យើង។ អ្នកអាចធ្វើកិច្ចការផ្ទះណាដែលនៅសេសសល់ជួយឱ្យអ្នកសកម្ម ហើយបើសិនយើងត្រូវបំពេញកិច្ចការងារនៅមួយកន្លែងក៏អាចមានពេលធ្វើចលនាលំហាត់ប្រាណខ្លះហើយការស្រាវជ្រាវជាច្រើនក៏បានបង្ហាញដែរថាទម្លាប់ហាត់ប្រាណ និងសកម្មជួយដល់ខួរក្បាលបំបាត់នូវអារម្មណ៍តានតឹង និងជួយរក្សារាងកាយយើងឱ្យរឹងមាំ។
២.ចូលគេងឱ្យបានគ្រប់គ្រាន់
យើងប្រាកដជាដឹងខ្លះមកហើយថាការគេងបានគ្រប់គ្រាន់ជារឿងសំខាន់ដល់សុខភាព។ មានពេលសម្រាកកាយគេងឱ្យបានគ្រប់គ្រាន់ប្រហែល៧ ទៅ៨ម៉ោងជួយឱ្យកោសិកាក្នុងរាងកាយយើងដំណើរការល្អឡើងវិញអារម្មណ៍ក៏បានស្រស់ស្រាយសម្រាប់ថ្ងៃថ្មីនៃការបំពេញកិច្ចការងារផងដែរ។
៣.កុំភ្លេចញ៉ាំអាហារដែលល្អចំពោះអ្នក
អាហារល្អៗសម្រាប់សុខភាពគឺសម្តៅលើអាហារមានជីវជាតិចម្រុះដែលយើងអាចរកបាន។ អាហារល្អៗជួយផ្តល់ឱ្យអ្នកនូវសារធាតុចិញ្ចឹមដល់រាងកាយ និងជីវជាតិដល់ខួរក្បាល។
៤.កាត់បន្ថយជាតិសុរា
បើអ្នកញ៉ាំសុរា ឬភេសជ្ជៈជាតិស្រវឹងផ្សេងៗក៏គួរកាត់បន្ថយ ព្រោះអ្នកអាចរំលឹកខ្លួនឯងថា ជាតិសុរាគឺតែងមិនល្អទៅដល់សុខភាពខួរក្បាលយើងឡើយ។ កាត់បន្ថយទៅតាមដែលអ្នកអាចធ្វើបានគឺដើម្បីខ្លួនឯង និងដើម្បីអ្នកជុំវិញខ្លួនអ្នកផងដែរ។
៥.មានពេលនិយាយរៀបរាប់ពីអារម្មណ៍របស់អ្នក
អ្នកជិតស្និទ្ធិអ្នកអ្នកជាទីទុកចិត្ត ឬបើអាចគ្រូពេទ្យប្រឹក្សាផ្លូវចិត្តជារឿងល្អព្រោះអ្នកទាំងនោះអាចជួយដល់អ្នកនៅអំឡុងពេលអ្នកជួបស្ថានភាពលំបាកនៃផ្លូវចិត្ត។ ពួកគេជាអ្នកស្តាប់និងជួយលើកទឹកចិត្តអ្នកឱ្យបានប្រសើរ៕