បទល្មើសគឺជាបាតុភូតអសកម្មនៅក្នុងជីវភាពរស់នៅ ដែលវាបានបំពានដល់សណ្តាប់ធ្នាប់នយោបាយសេដ្ឋកិច្ច និងរបៀបរៀបរយសង្គម ហើយជះឥទ្ធិពលអាក្រក់ដល់សេរីភាពក្នុងការរស់នៅព្រមទាំងសុភមង្គលរបស់ពលរដ្ឋ។ ដើម្បីជាការស្វែងយល់ជាចំណេះដឹងបន្ថែមសញ្ញាណ និងអត្ថន័យនៃបទល្មើសរៀបចំដោយលោកមេធាវី មួន សៀងលី បានបង្ហាញសង្ខេបនូវចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
អត្ថន័យនៃបទល្មើស
យោងតាមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ ត្រង់មាត្រា២ បានចែងថា"ច្បាប់បញ្ញត្តិថាអំពើខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានបង្កចលាចលដល់សង្គមជាបទល្មើស។"
**បទលើ្មសគឺជាបាតុភូតអវិជ្ជមានដែលបង្កឱ្យមានភាពចលាចលវឹកវរនៅក្នុងជីវភាពរស់នៅ នៃសង្គមមួយដោយបំពានទៅនឹងទំនាក់ទំនងសង្គមដែលច្បាប់បានការពារ។
**បទល្មើសគឺជាអំពើបង្កគ្រោះថ្នាក់ដល់សង្គមដោយកំហុសបំពានទៅនឹងការការពារនៃច្បាប់ព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស។
**ការកំណត់ន័យនៃបទល្មើសមានការប្រែប្រួលខ្លះទៅតាមទស្សនៈរបស់អ្នកបង្កើតច្បាប់ក្នុងដំណាក់កាលសង្គមខុសៗគ្នា។
លក្ខណៈវិនិច្ឆ័យអំពីបទល្មើស
១.ចរិតគ្រោះថ្នាក់ដល់សង្គម
ចរិតគ្រោះថ្នាក់ដល់សង្គមនៃបទល្មើស ស្តែងចេញពីអំពើដែលបង្ក ឬគំរាមកំហែងឱ្យមានការអន្តរាយដល់បណ្តាទំនាក់ទំនងសង្គមដែលច្បាប់ព្រហ្មទណ្ឌការពារ។
កត្តាវាយតម្លៃអំពីចរិតគ្រោះថ្នាក់នៃបទល្មើសមានដូចជា៖
-ចរិតសំខាន់នៃទំនាក់ទំនងសង្គមដែលទទួលរងនូវការអន្តរាយ។
-លក្ខណៈនៃអំពើវិធីសាស្រ្ត ឧបករណ៍ ឧបាយកលនិងមធ្យោបាយនៃការប្រព្រឹត្ត។
-កម្រិតនៃការអន្តរាយដែលកើតមានឬកម្រិតទំហំនៃការគម្រាមកំហែងបង្កអន្តរាយដល់សង្គម។
-កម្រិតនៃកំហុស។
-មូលហេតុនៃការប្រព្រឹត្តបទល្មើសនិងគោលបំណងនៃការប្រព្រឹត្តបទល្មើស។
-ស្ថានភាព(ទិដ្ឋភាព)នៃអំពើល្មើសរួមមានពេលវេលាទីកន្លែងស្ថានភាពផ្សេងជុំវិញការប្រព្រឹត្តបទល្មើស។
-សាវតាជនល្មើសនិងបណ្តាស្ថានភាព ពាក់ព័ន្ធនិងស្ថានសម្រាលនិងទម្ងន់ទោស។
២.ចរិតមានកំហុសនៃអំពើ
-អំពើដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គមត្រូវបានចាត់ទុកថាជាបទល្មើស ប្រសិនបើការប្រព្រឹត្តធ្វើឡើងដោយចេតនា ឬអចេតនា ពោលគឺអំពើនោះត្រូវមានកំហុស។
-ក្នុងទ្រឹស្តីនៃច្បាប់ព្រហ្មទណ្ឌកំហុសមានន័យថា"ដំណើរប្រព្រឹត្តផ្នែកផ្លូវចិត្តរបស់មនុស្សចំពោះអំពើដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សង្កមប្រព្រឹត្តដោយជននោះ និងចំពោះបច្ច័យដែលកើតឡើងក្រោមរូបភាពចេតនាឬអចេតនា។
-ជនដែលប្រព្រឹត្តអំពើបង្កគ្រោះថ្នាក់ហើយត្រូវបានចាត់ទុកថាមានកំហុសកាលណាសកម្មភាពនោះជាជម្រើសដែលជននោះបានជ្រើសរើសហើយបានសម្រេចដោយខ្លួនឯងក្នុងស្ថានភាពដែលខ្លួនអាចជ្រើសរើស និងសម្រេចប្រព្រឹត្តអំពើនោះដើម្បីស្របនឹងប្រយោជន៍របស់ខ្លួន ឬមូលហេតុផ្សេងទៀតដែលជននោះប្រាថ្នាចង់បាន។
-កំហុសជាសញ្ញាសំគាល់មួយនៃបទល្មើសហើយត្រូវបានកំណត់ថាជាគោលការណ៍មួយគឺ"ការទទួលខុសត្រូវចំពោះកំហុស"។ រដ្ឋពុំអាចចាប់បង្ខំជនណាម្នាក់ឱ្យទទួលទោសដោយសារអំពើបង្កគ្រោះថ្នាក់ដល់សង្គមដោយពុំមានបានពិចារណាអំពីកំហុសនៃជននោះឡើយ។
៣.ចរិតផ្ទុយច្បាប់ព្រហ្មទណ្ឌ
-ចរិតផ្ទុយច្បាប់នៃអំពើល្មើសគឺជាសញ្ញាសំគាល់មួយនៃបទល្មើសការទទួលស្គាល់ចរិតផ្ទុយច្បាប់នៃបទល្មើសមានន័យថាជាការបដិសេធគោលការណ៍ប្រហាក់ប្រហែលនៃច្បាប់ព្រហ្មទណ្ឌ។
-កាលណាច្បាប់ពុំបានបញ្ញត្តិថាអំពើណាមួយជាបទល្មើសនោះពុំអាចធ្វើការចោទប្រកាន់ ឬផ្តន្ទាទោសជនដែលប្រព្រឹត្តអំពើនោះបានឡើយ។ នេះ ជាទស្សនៈជឿនលឿនមួយស្របនិងទិសដៅនីត្យានុកូលភាពនៃបទល្មើស"គ្មានបទល្មើសទេបើគ្មានច្បាប់ចែង"។
៤.ចរិតទទួលទោសព្រហ្មទណ្ឌ
-ការចាត់ទុកចរិតទទួលទោសព្រហ្មទណ្ឌជាសញ្ញាមួយនៃបទល្មើសដោយសារទោសទណ្ឌតែងតែផ្សារភ្ជាប់នឹងបទល្មើស។ ជាការពិត គឺមានតែបទល្មើសទេទើបនាំមកនូវបច្ច័យគតិយុត្តពោលគឺជនល្មើសត្រូវទទួលទោសទណ្ឌ។
-ទស្សនៈមួយបានលើកឡើងថាចរិតទទួលទោសនៃបទល្មើសពុំមែនជាចរិតពិសេសសម្រាប់សំគាល់បទល្មើសដោយហេតុថា ទោសទណ្ឌគឺជាបច្ច័យគតិយុត្តដែលកើតឡើងដោយសារមានបទល្មើស មានន័យថាអំពើណាដែលបង្កគ្រោះថ្នាក់ដល់សង្គមហើយបញ្ញត្តិក្នុងច្បាប់ព្រហ្មទណ្ឌថាជាបទល្មើស នោះក្រោយមកទើបអាចកំណត់អំពីប្រភេទទោសកម្រិតទោស ជាមួយបទល្មើលនោះបាន។
**ចំណាត់ថ្នាក់នៃបទល្មើស
យោងតាមមាត្រា២វក្យខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩បានចែងថាបទល្មើសត្រូវបានចាត់ថ្នាក់ទៅតាមទម្ងន់នៃបទល្មើសជាអាទ៍៖
១.បទឧក្រិដ្ឋ"មាត្រា៤៦"
លក្ខណៈវិនិច្ឆ័យ៖
-ទោសដាក់ពន្ធនាគារមួយអាយុជីវិត
-ទោសដាក់ពន្ធនាគារដែលមានរយៈពេលអប្បរមាលើសពី៥ឆ្នាំនិងក្រោម ឬស្មើនឹង៣០ឆ្នាំ
-ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
២.បទមជ្ឈឹម"មាត្រា៤៦"
លក្ខណៈវិនិច្ឆ័យ៖
-ទោសដាក់ពន្ធនាគារដែលត្រូវទទួលរងនោះមានរយៈពេលអប្បរមាលើសពី៦ថ្ងៃនិងក្រោម ឬស្មើនឹង៥ឆ្នាំ។
-ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
៣.បទលហុ"មាត្រា៤៦"
លក្ខណៈវិនិច្ឆ័យ៖
-ទោសដាក់ពន្ធនាគារដែលត្រូវទទួលរងនោះមានរយៈពេលក្រោមឬស្មើនឹង៦ថ្ងៃ។
-ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
-បទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ៕
ប្រភព៖លោក មេធាវី មួន សៀងលី