បន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាលើការជ្រើសរើសទីតាំងសាងសង់ស្ថានីយជញ្ជីងថ្មីលើផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ។

កិច្ចការងារនេះមានការចូលរួមពី លោកអភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ប្រធានស្ថានីយជញ្ជីងកូនដំរី ចៅសង្កាត់ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។ ជាលទ្ធផល លោកអភិបាលរងខេត្តនឹងដឹកនាំក្រុមការងារក្នុងមូលដ្ឋានធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីជ្រើសរើសទីតាំងសមស្របសម្រាប់សាងសង់ស្ថានីយជញ្ជីងថ្មី។

ក្នុងថ្ងៃនោះដែល ឯកឧត្តមប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឯកឧត្តមអនុរដ្ឋលេខាធិការអមដំណើរ ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងប្រគល់ទទួលស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍សាត់ពីប្រធានគម្រោងក្រុមហ៊ុនទទួលសាងសង់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ ។

ស្ថានីយជញ្ជីងឃ្លាំងមឿង-ខេត្តពោធិ៍សាត់នេះ នឹងដាក់ប្រើប្រាស់បណ្តោះអាសន្នរហូតដល់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ចប់រួចរាល់៕