ប្រទេសស្រីលង្កា៖ នាយករដ្ឋមន្ត្រី ប្រទេសស្រីលង្កាបានប្រកាសប្រាប់សភាកាលពីថ្ងៃពុធថា "សេដ្ឋកិច្ចបានដួលរលំហើយ" ខណៈកង្វះខាតអាហារ ប្រេងឥន្ធនៈ និងអគ្គិសនីជាច្រើនខែ ដែលត្រូវស្វែងរកជំនួយពីអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិបន្តទៀត។
លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រាប់សភាថា ប្រទេសកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរលើសពីការខ្វះខាតប្រេងឥន្ធនៈ ឧស្ម័ន អគ្គិសនី និងអាហារ នោះគឺសេដ្ឋកិច្ចរបស់យើង បានដួលរលំទាំងស្រុង។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា ប្រទេសស្រីលង្កា មិនអាចទិញឥន្ធនៈដែលត្រូវនាំចូល ដោយសារតែបំណុលដ៏ច្រើន ដែលជំពាក់ដោយសាជីវកម្មប្រេងរបស់ខ្លួន។
លោកបានប្រាប់សភាថា៖ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្ម Ceylon Petroleum មានបំណុល ៧០០ លានដុល្លារ។ ជាលទ្ធផល គ្មានប្រទេស ឬអង្គការណាមួយក្នុងពិភពលោកមានឆន្ទៈផ្តល់ប្រេងដល់យើងទេ។
វិបត្តិរូបិយប័ណ្ណបរទេសបានបង្អាក់ការនាំចូល បង្កើតឱ្យមានកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ អគ្គិសនី និងសម្ភារៈសំខាន់ៗផ្សេងទៀតដូចជាថ្នាំពេទ្យ បង្ខំឱ្យមនុស្សឈរតម្រង់ជួរវែងៗដើម្បីទទួលបានតម្រូវការមូលដ្ឋាន។
ប្រទេសស្រីលង្កា កំពុងតែជ្រួលច្របល់ ទោះជាមានការគាំទ្រជាឥណទានចំនួន 4 ពាន់លានដុល្លារ ពីប្រទេសឥណ្ឌាក៏ដោយ។ លោក Wickremesinghe បាននិយាយថា ឥណ្ឌានឹងមិនអាចរក្សាស្រីលង្កា ឱ្យនៅស្ថិតស្ថេរបានយូរនោះទេ។ ប្រទេសនេះ ក៏បានទទួលការសន្យាផ្ដល់ពី 300 លានទៅ 600 លានដុល្លារពីធនាគារពិភពលោក ដើម្បីទិញថ្នាំពេទ្យ និងរបស់របរចាំបាច់ផ្សេងៗទៀត។
ប្រទេសស្រីលង្កាបានប្រកាសរួចហើយថា ខ្លួនកំពុងផ្អាកការសងបំណុលបរទេសចំនួន 7 ពាន់លានដុល្លារក្នុងឆ្នាំនេះ ដោយរង់ចាំលទ្ធផលនៃការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លើកញ្ចប់សង្គ្រោះបន្ទាន់។ លោកនាយករដ្ឋមន្រ្តី បាននិយាយថាជំនួយរបស់ IMF ហាក់ដូចជាជម្រើសតែមួយគត់របស់ប្រទេសនេះ។
លោកនិយាយថា៖ យើងបានបញ្ចប់ការពិភាក្សាដំបូង ហើយយើងបានផ្លាស់ប្តូរយោបល់លើវិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុសាធារណៈ ហិរញ្ញវត្ថុ និរន្តរភាពបំណុល ស្ថិរភាពនៃវិស័យធនាគារ និងបណ្តាញសន្តិសុខសង្គម៕