ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការក្រោយដំណឹងនៃលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅលើ ឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តនៅ ទីក្រុងបាងកក ប្រទេសថៃ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ពីស្ថានភាពសមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ថាបានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ នោះទេ មុនពេលចេញដំណើរមកកម្ពុជា។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃ០៣ វិច្ឆិកា២០២០ ម្សិលមិញ ឯកឧត្តមភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅក្រោយពេលដំណឹងលទ្ធផលវិជ្ជមាននៃកូវីដ-១៩ពីប្រទេសថៃខាងលើនេះរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ដែលបានជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឱ្យនៅដោយឡែកទៅតាមការកំណត់របស់ក្រសួងសុខាភិបាលផងដែរ៕