រាជធានីភ្នំពេញ៖ នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ បានសម្រេចឱ្យបំផ្លាញចោលនូវសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនជាង ៩០តោន៨០គីឡូក្រាម។ ក្នុងនោះសារធាតុញៀនមាន ចំនួនជាង៩តោន ៩០០គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សារធាតុញៀនដែលត្រូវបានរឹបអូស និងត្រូវកម្ទេចចោល មានដូចជាប្រភេទ ហេរ៉ូអ៊ីន កូកាអ៊ីន ថ្នាំគ្រវី កាទីណូន មេតំហ្វេតាមីន កេតាមីន នីមេតាហ្សេប៉ាម និង កញ្ឆា។
របាយការណ៍ដដែលបានបញ្ជាក់ថា សារធាតុញៀននិងសារធាតុគីមី ដែលត្រូវកម្ទេចដោយវិធីដុត មានចំនួនជាង ៦តោន៨០០គីឡូក្រាម។ សារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ដែលត្រូវកម្ទេច ដោយវិធីបន្សាបមានចំនួនជាង៨៣តោន ៨០០គីឡូក្រាម៕