រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់សម្តេចក្នុងការកម្ចាត់ក្រុមឈ្មួញទុចរិតដែលបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់។ នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។

ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរ សម្តេចតេជោក៏បានណែនាំឱ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ។ 

សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗបង្ក្រាបអត់ដែលបាននោះទេ។ ទន្ទឹមនឹងនោះសម្តេចតេជោក៏បានថ្លែងផងដែរថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច តែបទល្មើសធំបង្ក្រាបអត់បានទេ។ ដូច្នេះ សម្តេចតេជោបានចេញបទបញ្ជានៅថ្ងៃនេះជាបន្តទៀត ដើម្បីអោយបង្រ្កាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេច ដែលអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ 

សម្តេចតេជោបានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ៕