រាជធានីភ្នំពេញ៖ ថ្លែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់កុមារនិងយុវវ័យ ដែលមានអាយុពី១២ ដល់ ១៧ឆ្នាំ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដោយបានលើកឡើង ពីកត្តាដែលអាចឲ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ។
កត្ដាទាំង៥ នោះរួមមាន៖
១. កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។
២. កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ។
៣. កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង។
៤. កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។
៥. មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និងការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជាចលនាជាតិក្នុងទិញវ៉ាក់សាំង និងការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។
សូមជម្រាបជូនដែរថា កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលមានវ័យចាប់ពី១៨ឆ្នាំឡើង មកដល់ថ្ងៃ១កក្កដានេះ បានចំនួនសរុប ៧.៣លាននាក់ ក្នុងផែនការចំនួន១០លាននាក់ ដែលផែនការដើម គឺគ្រោយនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២ ប៉ុន្ដែការអនុវត្តន៍ជាក់ស្ដែង កម្ពុជាអាចសម្រេចការចាក់វ៉ាក់សាំងបានមុនផែនការកំណត់៕