ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីទស្សនវិស័យ ជំរុញការប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក ទៅជាក្រុងមួយរបស់ខេត្តសៀមរាប និងបានបញ្ជាឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បម្រើប្រយោជន៍របស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តធ្វើការអភិវឌ្ឍផ្លូវ រៀបចំប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី សាងសង់មន្ទីរពេទ្យ សាលារៀនពីបឋមសិក្សា ដល់វិទ្យាល័យ រៀបចំឲ្យមានផ្សារ រៀបចំប្រព័ន្ធសេវាទូរស័ព្ទ រួមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត។
ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញានេះ បានបញ្ចប់ការវាស់ វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដី នៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ ចំនួន៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីស្រែចម្ការ ចំនួន ៦,៩៩១ក្បាលដី។
ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពលរដ្ឋរស់នៅទីតាំងថ្មីនេះ ខិតខំប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យទៅជាតំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញ ដើម្បីបង្កើតជាប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ៕

