រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការអបអរសាទរទៅដល់រដ្ឋាភិបាល និងប្រជាជនចិន ក្រោយពីយានអវកាស«ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពព្រះអង្គារ។ យានអវកាស«ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពព្រះអង្គារកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងបេសកកម្ម «ធានវិន-១»។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរយ៉ាងស្មោះស្ម័គ្រ នៅក្នុងលិខិតមួយច្បាប់ដែលសម្ដេចផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃ១៨ឧសភា។
ក្នុងលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកបេសកកម្មនេះថា៖ «នេះជាសមិទ្ធផលដ៏ធំធេងមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហរអាកាសរបស់ចិន»។
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល»៕