ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កំណត់នៅលើផ្លូវជាតិលេខ៥ ព្រោះផ្លូវជាតិនេះជាផ្លូវល្អលេខ១។
សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។
ផ្លូវជាតិលេខ៥ ជាផ្លូវល្អលេខ១ ដោយសារតែផ្លូវជាតិនេះបានក្រាលកៅស៊ូរហូតដល់១៧សង់ទីម៉ែត្រ តែបើទោះបីជាផ្លូវជាតិនេះក្រាលកៅស៊ូ១៧សង់ទីម៉ែត្រកី្ត ក៏ពុំអាចប្រើប្រាស់បានយូរអង្វែងដែរ ដោយសារតែការដឹកជញ្ជូនលើសទម្ងន់បែបនេះ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ៖ « ការសាងសង់ផ្លូវជាតិនេះប្រើប្រាស់ប្រាក់កម្ចីពីប្រទេសជប៉ុនដើម្បីសាងសង់ ថ្វីបើការប្រាក់មានកម្រិតទាប ប៉ុន្តែយើងត្រូវសងគេវិញ ហេតុដូច្នេះ មិនអាចឱ្យក្រុមហ៊ុនដឹកជញ្ជូនមកធ្វើភ្លៀង ធ្វើផ្គរបាននោះទេ»។
នាឱកាសនោះផងដែរ សម្តេចក្រឡាហោម ក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវកត់ឈ្មោះក្រុមហ៊ុនដែលដឹកជញ្ជូនតាមផ្លូវជាតិលេខ៥នេះ ដោយអាចប្រើប្រាស់កាមេរ៉ាដើម្បីចាប់រថយន្តណាដែលបើកបរលើសទម្ងន់កម្រិតកំណត់ ហើយមួយវិញទៀត ក្រុមហ៊ុនដឹកជញ្ជូនក៏ត្រូវមានស្មារតីទទួលខុសត្រូវផងដែរ ដើម្បីចូលរួមជួយថែរក្សាផ្លូវថ្នល់ដែលរាជរដ្ឋាភិបាលបានស្ថាបនា៕