រាជធានីភ្នំពេញ៖ សមាគមហិរញ្ញវត្ថុ៣ធំៗ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាក្រោយពេលមានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ និងជាទិសដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការខិតខំទប់ស្កាត់ការឆ្លងជំងឺផ្លូវដង្ហើមនេះ។
នៅក្នុងខ្លឹមសារសេចក្តីថ្លែងការណ៍រួមដែលចេញដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជាបានលើកទឹកចិត្តទៅដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិសេសនៅក្នុងពេលវេលាលំបាកដោយសារបញ្ហាកូវីដ១៩នេះ។
គួររំលឹកដែរថាតាមសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាល លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា បើមានបុគ្គលមានវីរុសកូវីដ១៩ យកដៃជូតទឹករំអិលផ្លូវដង្ហើម ហើយមិនបានលាងដៃសម្លាប់មេរោគភ្លាមៗ និងយកដៃមកកាន់ក្រដាសប្រាក់គឺវីរុសកូវីដ១៩ នឹង"តោងលើក្រដាសប្រាក់"។
នៅពេលបុគ្គលបន្ទាប់ចាប់កាន់ក្រដាសប្រាក់នោះវីរុសកូវីដ១៩ នឹងតោងមកដៃបុគ្គលនោះបន្តហើយពេលបុគ្គលនោះយកដៃកាន់ក្រដាសប្រាក់មានវីរុសនេះមកប៉ះច្រមុះ មាត់ ភ្នែកជាដើម វានឹងធ្វើឱ្យមាន"ការចម្លងបានលឿនជាទីបំផុត"៕