ប្រសិនបើអ្នកកំពុងធ្វើការជាលើកដំបូង អ្នកអាចគិតថាអ្វីៗដែលនៅជុំវិញអ្នកគឺជារឿងធម្មតា។ បើទោះបីជាយ៉ាងណាក៏ដោយបរិយាកាសការងារ មិនមែនមានលក្ខណៈធម្មតាទាំងអស់នោះទេ។ បរិយាកាសខ្លះពិសពុល ហើយអាចជះឥទ្ធិពលដល់រាងកាយ និងផ្លូវចិត្តរបស់អ្នកថែមទៀតផង។ ដូច្នេះខាងក្រោម គឺជាសញ្ញានៃបរិយាកាសការងារពិសពុល និងមានលក្ខណៈអវិជ្ជមានសម្រាប់អ្នក៖

១.ចៅហ្វាយរបស់អ្នកកេងប្រវ័ញ្ច

ការកេងប្រវ័ញ្ចនេះ រួមមានដូចជាការមិនបង់ប្រាក់ខែ ឬការឲ្យប្រាក់ខែទាបខ្លាំង ដោយដោះសារថា អ្នកគ្រាន់តែមកធ្វើកម្មសិក្សា ឬការងារស្ម័គ្រចិត្តជាដើម។ វាក៏អាចជាស្ថានភាពមួយពេល ដែលចៅហ្វាយរបស់អ្នកឲ្យអ្នកធ្វើការងាររបស់គាត់។

២.ចៅហ្វាយរបស់អ្នកចូលចិត្តរើសយុវជនមកធ្វើការ

វាអាចនឹងមានអត្ថន័យចំនួន២យ៉ាង ដែលធ្វើឲ្យចៅហ្វាយរបស់អ្នកនិយមចូលចិត្តជ្រើសរើសយុវជនឲ្យមកធ្វើការងាររបស់ខ្លួន។ ទីមួយ គឺមកពីគាត់ចូលចិត្តភាពច្នៃប្រឌិតរបស់យុវជននានា ឬក៏គាត់ចង់រើសមនុស្សណាដែលងាយនឹងបោកប្រើដោយឲ្យប្រាក់ខែតិចជាងទីផ្សារ ឬអាចមិនឲ្យប្រាក់ខែជាដើម។ ប្រសិនបើកន្លែងធ្វើការរបស់អ្នកឃើញមានយុវជនធ្វើការច្រើន អ្នកគួរតែព្យាយាមរកសញ្ញាផ្សេងទៀត ដើម្បីចៀសវាងកុំឲ្យរងគ្រោះការកេងប្រវ័ញ្ច។

៣. កន្លែងការងាររបស់អ្នកមិនផ្តល់វិសាលភាពការងារច្បាស់លាស់

មូលហេតុ គឺដោយសារចៅហ្វាយរបស់អ្នក ក៏មិនដឹងច្បាស់ពីវិសាលភាពការងាររបស់អ្នកដែរ។ ដូច្នេះពួកគេអាចប្រើអ្នកបានយ៉ាងងាយស្រួល ដោយមិនបាច់ជួបនឹងការជំទាស់ ដោយមូលហេតុថាតើវាជាការទទួលខុសត្រូវរបស់ខ្ញុំទេ?

៤.ចៅហ្វាយរបស់អ្នកទទួលយកកេរ្តិ៍ឈ្មោះទាំងអស់

តើអ្នកធ្លាប់បំពេញការងារណាមួយដ៏ល្អឥតខ្ចោះប៉ុន្តែការសរសើរទៅជាបានទៅលើអ្នកផ្សេងទៀតដែរ ឬទេ?ឧទាហរណ៍អ្នកធ្វើការងារបន្ថែម ដើម្បីបញ្ចប់គម្រោងរបស់អ្នក ប៉ុន្តែចៅហ្វាយរបស់អ្នកគិតថាគម្រោងនេះត្រូវបានបញ្ចប់ ព្រោះតែពួកគេពូកែគ្រប់គ្រងប៉ុន្តែតាមការពិតអ្នកគឺជាអ្នកដែលខិតខំធ្វើការក្រៅម៉ោង។

៥. អ្នកទទួលការស្តីបន្ទោស 

ប្រសិនបើគម្រោងមិនដំណើរការទៅរលូនទេចៅហ្វាយរបស់អ្នកនឹងបន្ទោសអ្នកដោយនិយាយថា អ្នកមិនអាចធ្វើការងារបានហើយមិនដឹងពីកំហុសរបស់ខ្លួនដែលមិនបានគ្រប់គ្រងក្រុមការងារឲ្យបានល្អក្នុងនាមខ្លួនជាចៅហ្វាយ។

៦. ចៅហ្វាយរបស់អ្នកមិនគោរពពេលវេលារបស់អ្នក

តើអ្នកធ្លាប់ទទួលបានសារឬទូរស័ព្ទក្រៅម៉ោង ឬពេលអ្នកឈប់សម្រាកដែរឬទេ ហើយមិនទទួលបានប្រាក់ខែបន្ថែមនោះឡើយ។ ចៅហ្វាយប្រភេទនេះភាគច្រើនមិន មានអារម្មណ៍ថាខ្លួនមានកំហុសចំពោះការលុកលុយជីវិតឯកជនរបស់អ្នកនោះទេ ពីព្រោះពួកគេគិតថា ជីវិតរបស់អ្នកគឺត្រូវលះបង់សម្រាប់ក្រុមហ៊ុន។ ឧទាហរណ៍មានដូចជាពេលដែលហៅរបស់អ្នកឲ្យរៀបចំការងារសារឡើងវិញ ពេលអ្នកនៅមន្ទីរពេទ្យឬហៅអ្នកឲ្យជួយពួកគេនៅម៉ោង ១០យប់រហូតដល់ម៉ោង ១២ភ្លឺ។

៧. ចៅហ្វាយរបស់អ្នកចូលចិត្តនិយាយដើមគេ

ប្រសិនបើចៅហ្វាយរបស់អ្នកនិយាយអាក្រក់ពីនិយោជិកផ្សេងទៀត ខណៈពេលដែលកំពុងសរសើរថា អ្នកជាបុគ្គលិកល្អ នោះគាត់កំពុងតែព្យាយាមនិយាយបញ្ចុះបញ្ចូលកេងប្រវ័ញ្ចអ្នក។ អ្នកណាមិនសប្បាយចិត្តពេលដែលមានគេសរសើរ? ពួកគេក៏ប្រហែលជានិយាយអាក្រក់អំពីអ្នកពីក្រោយខ្នង នៅពេលដែលពួកគេចង់កេងប្រវ័ញ្ចនិយោជិកផ្សេងទៀត។

៨. បាវចនារបស់ចៅហ្វាយអ្នកគឺ “មនុស្សអាចជំនួសបាន”

ប្រសិនបើថៅកែបាននិយាយបែបនេះប្រាប់អ្នកនោះគាត់ប្រាកដជាគិតថា អ្នកមិនមែនជាមនុស្សម្នាក់ទេ តែជាវត្ថុមួយ។គាត់នឹងព្យាយាមប្រើអ្នកឲ្យធ្វើកិច្ចការជាច្រើន តែឲ្យប្រាក់ ខែតិច។ នៅពេលដែលផ្លូវចិត្តនិងរាងកាយរបស់អ្នកមិនអាចទ្រាំទ្របន្តទៅទៀតបាន គាត់នឹងរកមនុស្សផ្សេងទៀតមកជំនួសអ្នកហាក់បីដូចអ្នកគ្រាន់តែជាវត្ថុមួយពេលខ្លះដោយប្រើសញ្ញាទី ៦ខាងលើ។

៩. ចៅហ្វាយរបស់អ្នកគឺជាមនុស្សដែលធ្វើខ្លួនរវល់ក្លែងក្លាយ

ប្រសិនបើចៅហ្វាយរបស់អ្នកចូលចិត្តរៀបចំការប្រជុំដែលគ្មានប្រយោជន៍អ្នក គឺជាអ្នកដែលទទួលរងផលវិបាកវិញទេ។ ឧទាហរណ៍ថាមានការប្រជុំក្នុងពេលសម្រាកអាហារថ្ងៃត្រង់ ឬប្រជុំហួសម៉ោងធ្វើការ។

១០. ចៅហ្វាយរបស់អ្នកញ៉ែអ្នក

 ពេលខ្លះពួកគេអាចប្រើលេសនិងដោះសារដើម្បីទៅជិតអ្នកហើយញ៉ែអ្នក ដោយហៅអ្នកថា ជាបងប្អូនធម៌ ឬហៅជាសិស្សប្អូនឬសិស្សច្បង។ ពេលខ្លះញ៉ែអត់បាន ដើររករឿងគេឯង។ នេះគឺជាសញ្ញានៃការយាយីផ្លូវភេទហើយវាមិនគួរអត់ឪនឡើយ។ 

សរុបរួមមកវិញប្រសិនបើកន្លែងធ្វើការរបស់អ្នក មានសញ្ញាខាងលើច្រើនជាង៦សញ្ញា វាគួរតែដល់ពេលដែលអ្នកស្វែងរកកន្លែងការងារផ្សេងទៀត។ កន្លែងធ្វើការដែលមានបរិយាកាសពិសពុលយ៉ាងនេះវាពិតជាមិនសាកសមជាមួយអ្នកឡើយ៕