រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ដែលក្នុងនោះមាន ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញដោយផ្ទាល់ពី ប្រទេសចិន នឹងត្រូវដឹកមកដល់ក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ ស្អែកនេះ ។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកជំនួយវ៉ាក់សាំង និងបានទិញនូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជាមានវ៉ាក់សាំង ជាង ១២,០២៤,០០០ដូស រួចមទៅហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
វ៉ាក់សាំងដែលកម្ពុជាទទួលបាន មានដូចជា៖ ជំនួយរបស់រដ្ឋាភិបាលចិន (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូសជំនួយពីមជ្ឈមណ្ឌល COVAX (CoviShield) ចំនួន ៣២៤,០០០ ដូស និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលដោយផ្ទាល់រួមមាន វ៉ាក់សាំងប្រភេទសុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។
តាមផែនការ ប្រទេសកម្ពុជា នឹងអាចសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕