វិបត្តិនៅស្រីលង្កា៖ កាលពីប៉ុន្មានឆ្នាំមុន ប្រទេសស្រីលង្កាហាក់ដូចជាដើរលើផ្លូវត្រូវ ជាពិសេសមុនវិបត្តិនៃកូវីដ១៩ វិស័យទេសចរណ៍ ជាចំណែកដ៏ធំនៃចំណូលជាតិ*។ ត្រឹមខែឧសភា ឆ្នាំ ២០២២ ប្រទេសស្រីលង្កា មានបំណុលបរទេសប្រមាណជា 51ពាន់លានដុល្លារ ។
សម្រាប់កាតព្វកិច្ចបំណុលបរទេសរបស់ប្រទេសស្រីលង្កា ដែលត្រូវសងសម្រាប់ឆ្នាំ២០២២ គឺលើសពី 7ពាន់លានដុល្លារ។ នៅក្នុងខែ មីនា ឆ្នាំ ២០២២ ប្រទេសនេះនៅសល់ទុនប្រមាណជា 1.6ពាន់លានប៉ុណ្ណោះ ។ កត្តានេះបាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវតម្លៃទំនិញសំខាន់ៗដែលត្រូវនាំចូលដូចជាអង្ករ ប្រេង ជាដើម។ ឥឡូវនេះស្រីលង្កាកំពុងចរចារជាមួយមូលនិធិសង្គ្រោះរបស់ IMF ដើម្បីជួយសង្រ្គោះពីវិបត្តិ។
មនុស្សជាច្រើនជឿថា វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា គឺមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងបំណុលដែលបានខ្ចីពីប្រទេសចិន ដែលសហរដ្ឋអាមេរិកបានហៅបាតុភូតនេះថា "អន្ទាក់នៃបំណុល" ។
យោងតាមស្ថិតិផ្លូវការពីនាយកដ្ឋានធនធានខាងក្រៅរបស់ប្រទេសស្រីលង្កា គិតត្រឹមចុងខែមេសា ឆ្នាំ 2021 ប្រាក់កម្ចីពីប្រទេសចិនមានត្រឹមតែប្រហែល 10% នៃបំណុលបរទេសសរុបរបស់ប្រទេសស្រីលង្កាក្នុងឆ្នាំ 2021 ។ ស្រីលង្កា ក៏មានបំណុលពីប្រទេសជប៉ុន ប្រមាណ 10% និងជំពាក់ ADB ដល់ទៅ 13% និងជំពាក់ធនាគារពិភពលោក 9%។ ហើយចំណែកធំបំផុត ប្រហែល 47% ជាបំណុលក្នុងទីផ្សារផ្សេងទៀត។
*ប្រាក់ចំណូលពីទេសចរណ៍បរទេសបានឈានដល់ ៣,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។ ៤,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ ៣,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩, ៦៨២ លានដុល្លារក្នុងឆ្នាំ ២០២០ និង ៥០៧ លានដុល្លារនៅឆ្នាំ ២០២១៕
តើមានអ្វីពាក់ព័ន្ធនឹង កំពង់ផែ Hambantota ដែលជួលឲ្យក្រុមហ៊ុនចិន?
ខ្លះក៏បានលើកឡើងពីប្រាក់កម្ចី ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ចិនដល់ស្រីលង្កា ជាពិសេសការផ្តល់ហិរញ្ញប្បទានដល់កំពង់ផែ Hambantota កំពុងត្រូវបានលើកឡើងថា ជាកត្តារួមចំណែកដល់វិបត្តិ។
ការសាងសង់កំពង់ផែ Hambantota ត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនាគារ Exim Bank របស់ចិន។ ស្រីលង្កាបានជួលកំពង់ផែនេះ សម្រាប់រយៈពេល 99 ឆ្នាំទៅឱ្យក្រុមហ៊ុន China Merchant's Group ដែលត្រូវបង់ឱ្យស្រីលង្កាចំនួន 1.12 ពាន់លានដុល្លារ។ មានន័យថា ផែនេះ មិនបាននាំឱ្យមានតុល្យភាពនៃវិបត្តិការទូទាត់លុយនោះទេ តែអាចបង្កើនបាននូវទុនបំរុងរូបិយប័ណ្ណបរទេស របស់ប្រទេសស្រីលង្កាចំនួន 1.12 ពាន់លានដុល្លារអាមេរិក បន្ថែម៕