វិបត្តិនៅស្រីលង្កា៖ ប្រទេសស្រីលង្កា មានប្រជាជនប្រមាណជា 22 លាននាក់ ដែលបាននឹងកំពុងទទួលរងការខ្វះខាតជាបន្តបន្ទាប់នៃប្រេងឥន្ធនៈ អាហារ និងសម្ភារៈចាំបាច់ផ្សេងទៀត និងកង្វះទុនបម្រុងបរទេស សម្រាប់ការនាំចូលទំនិញសំខាន់ៗមកក្នុងស្រុក។
ចំពោះ អតិផរណានៅក្នុងប្រទេសស្រីលង្កានឹងឡើងដល់កំពូលប្រហែល 70% ក្នុងរយៈពេលពីរខែខាងមុខ។ ក្នុងសប្ដាហ៍មុននេះ លោក Ranil Wickremesinghe បានឡើងស្បត់កាន់តំណែងជា ប្រធានាធិបតីថ្មី ដែលលោកគឺ ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីស្រីលង្កា ៦អាណត្តិមកហើយ។
មានហេតុផលជាច្រើននៅពីក្រោយវិបត្តិនេះ។ តែខាងក្រោម យើងលើកយកគោលនយោបាយ ប្រទេសអ្នកផលិតអាហារសរីរាង្គ១០០ភាគរយ អាចជាផ្នែកមួយចូលរួមក្នុងការនាំឲ្យប្រទេសស្រីលង្កា ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច-នយោបាយ។
ងាកថយក្រោយបន្តិច មុនមានបញ្ហាដល់ការដាក់ប្រទេសក្នុងភាពអាសន្ន និងក្បួនតវ៉ាពីប្រជាជនយ៉ាងខ្លាំងខ្លា បាននាំឲ្យមានជាវិបត្តិនយោបាយដែលមិនធ្លាប់មាន ក្នុងប្រទេសស្រីលង្កា រហូតឈានដល់ប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាកសា (Gotabaya Rajapaksa ) ភៀសខ្លួន នៅថ្ងៃទី ១៣ កក្កដា ២០២២ ទៅជ្រោកកោននៅប្រទេស មា៉ល់ឌីវ ក្រោយមកទៅ សិង្ហបុរី។
នៅក្នុងកំឡុងនៃ ខែមីនា ឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ១៩ជាសកល ក៏បានចាប់ផ្ដើមវាយលុកចូលក្នុងប្រទេសស្រីលង្កា។ នៅខែមេសា ឆ្នាំ 2021 រដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉ាចាប៉ាកសា ក៏បានបង្កើតឲ្យមានកំហុសធ្ងន់ធ្ងរមួយទៀត លើគោលនយោបាយ។
ដើម្បីទប់ស្កាត់ការហូរចេញ នៃទុនបំរុងនៃប្រាក់បរទេស (ដែលកំពុងតែខ្សោះ), រដ្ឋាភិបាលរបស់លោក រ៉ាចាប៉ាកសា បានដាក់ចេញនូវគោលនយោបាយថ្មីដោយហាមឃាត់ការនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតទាំងអស់។ ប្រទេសស្រីលង្កាត្រូវបានប្រកាសថា ខ្លួននឹងធ្វើជាប្រទេសកសិកម្មបែបសរីរាង្គ 100% ។
តែរដ្ឋាភិបាលបានបរាជ័យក្នុងការបង្កើនការផលិតថ្នាំសម្លាប់សត្វល្អិត និងជីសរីរាង្គក្នុងស្រុក ឬផ្តល់ការឧបត្ថម្ភធនដល់កសិករដើម្បីទិញថ្នាំទាំងនេះ។ ការផ្លាស់ប្តូរគោលនយោបាយភ្លាមៗបានបំផ្លាញទិន្នផលដំណាំ។ អង្ករដែលជាអាហារចម្បងរបស់ប្រទេសស្រីលង្កាដែលធ្លាប់ផលិតបានគ្រប់គ្រាន់ និងសូម្បីតែនាំចេញបានឃើញថាទិន្នផលជាមធ្យមបានធ្លាក់ចុះប្រហែល 30%។
គោលនយោបាយនេះ បាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃផលិតកម្មកសិកម្ម ហើយធ្វើឲ្យមានការកើនឡើងនៃការនាំចូលអាហារ គ្រឿងទេស ក្លាយជារឿងដ៏សំខាន់ទៅវិញ ជំនួសឲ្យការនាំចេញដែលត្រូវថយចុះ*។ ក្រោយមកទៀតគោលនយោបាយនេះ ក៏ត្រូវបានដកចេញក្នុងខែវិច្ឆិកា ឆ្នាំ 2021។
ទោះជាគោលនយោបាយខាងលើ ត្រូវបានដកចេញវិញ ប៉ុន្តែទុនបម្រុងរូបិយប័ណ្ណបរទេសនៅតែស្ថិតក្នុងភាពតានតឹង។ ការធ្លាក់ចុះផលិតភាព នៃផលិតផល តែនិងកៅស៊ូ ក៏បានកើតឡើងដោយសារការហាមប្រើជី ក៏នាំឱ្យប្រាក់ចំណូលពីការនាំចេញបានបន្តធ្លាក់ចុះ។ ដោយសារចំណូលពីការនាំចេញទាប ប្រាក់ចំណូលតិច លុយសម្រាប់ការនាំចូលស្បៀងអាហារតិចនិងការខ្វះខាតស្បៀងអាហារ បានកើតឡើង។
ដោយសារតែអាហារនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងកាន់តែតិចទៅ ដែលមិនអាចបំពេញនូវតម្រូវការប្រចាំថ្ងៃដែលមិនមានការថយចុះបានទើបធ្វើឲ្យតម្លៃទំនិញទាំងនេះឡើងថ្លៃជារៀងរាល់ថ្ងៃ។ ទំនិញឡើងថ្លៃនេះ តាមតួលេខនៅក្នុងខែកុម្ភៈឆ្នាំ 2022 បានធ្វើឲ្យអតិផរណាបានកើនឡើងដល់ 17.5%។
រួមជាមួយវិបត្តិផ្សេងៗទៀត ដែលមើលឃើញថា មកពីវិបត្តិនៅ រុស្ស៊ី-អ៊ុយក្រែន វិបត្តិនៃបំណុលបរទេស ការធ្លាក់ចុះនៃចំនួនអ្នកទេសចរ ដោយសារកូវីដ១៩ និងអំពើពុករលួយនៅក្នុងរដ្ឋាភិបាលចាស់ បានអូសប្រទេសនេះឲ្យធ្លាក់ក្នុងភាពវឹកវរនៃនយោបាយក្នុងប្រទេស។
នៅក្នុងខែឧសភា ឆ្នាំ ២០២២ ប្រទេសនេះបានបរាជ័យក្នុងការទូទាត់ការប្រាក់ លើបំណុលបរទេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការខកខានក្នុងការទូទាត់ការប្រាក់ អាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសមួយជាមួយអ្នកវិនិយោគ ដែលធ្វើឱ្យកាន់តែពិបាកក្នុងការខ្ចីប្រាក់នៅលើទីផ្សារអន្តរជាតិ៕
*ក្នុងឆ្នាំ ២០២០ ការនាំចេញសរុបមានចំនួន ១០ ពាន់លានដុល្លារ ខណៈការនាំចូលមានចំនួន ១៦ ពាន់លានដុល្លារ (ឱនភាព ៦ ពាន់លានដុល្លារ)។ នៅឆ្នាំ 2021 ឱនភាពបានកើនឡើងដល់ 8 ពាន់លានដុល្លារ ខណៈដែលការនាំចេញមានចំនួន 12 ពាន់លានដុល្លារ និងនាំចូល 20 ពាន់លានដុល្លារ។
ខ្លឹមសារសង្ខេបជាការនៃលិខិតរបស់អ្នកសេដ្ឋកិច្ច ដែលបានលើកឡើងពីគោលនយោបាយ ប្រទេសសរីរាង្គ១០០%
អ្នកសេដ្ឋកិច្ចកសិកម្ម និងអ្នកវិទ្យាសាស្ត្រស្រីលង្កា បានបន្ទោស លើផែនការនៃការផ្លាស់ប្តូរចុងក្រោយនៅក្នុងគោលនយោបាយកសិកម្ម ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់លោក រ៉ាចាប៉ាកសា (Gotabaya Rajapaksa )។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការហាមប្រាមការប្រើប្រាស់និងការនាំចូលជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដើម្បីស្វែងរកឋានៈ"អ្នកផលិតអាហារសរីរាង្គ 100 ភាគរយ" សម្រាប់ប្រទេសស្រីលង្កាបានជះផលមហន្តរាយដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ សមាគម (SAEA) បានព្រមាននៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីរ៉ាចាប៉ាកសា នៅថ្ងៃទី 25 ខែឧសភា ឆ្នាំ 2021។
ខ្លឹមសារលិខិតនោះ បានចង្អុលបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃគោលនយោបាយស្តីពី"សន្តិសុខស្បៀង ប្រាក់ចំណូលកសិដ្ឋាន ប្រាក់ចំណូលអត្រាប្ដូរប្រាក់ និងភាពក្រីក្រនៅតាមជនបទ"។
គោលនយោបាយជ្រុលនិយមរបស់លោកប្រធានាធិបតី រ៉ាចាប៉ាកសា ដែលបានប្រកាសកាលពីខែមេសាឆ្នាំ ២០២១ អំពីការហាមឃាត់ការនាំចូលជីគីមី និងថ្នាំសម្លាប់សត្វល្អិតទាំងអស់ ដែលជាមធ្យោបាយនៃការលើកកម្ពស់កសិកម្មសរីរាង្គកំពុងគំរាមកំហែងធ្វើឱ្យកសិកម្មរបស់ប្រទេសនេះ ធ្លាក់ចូលទៅក្នុងការធ្លាក់ចុះផលិតកម្មយ៉ាងជ្រៅ។