រាជធានីភ្នំពេញ៖ បទចម្រៀង «​កណ្ដៀវ​អូន​ស្រួយ» និង​បទ ​«​ស្រណោះ​អង្រែ​»​ ក្រោយពីមានការចេញផ្សាយតាមបណ្ដាញសង្គម​និងYoutube ក៏បានធ្វើឲ្យមហាជនរិះគន់ និងមានការមិនពេញចិត្តជាខ្លាំង។

ប្រតិកម្មខ្លាំងៗរបស់មហាជន និងចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធ បានធ្វើឲ្យ លោក អ៉ិ​ច ចន្ថា ដែលជាម្ចាស់បទចម្រៀងនេះផ្ទាល់ ព្រម​ទទួលស្គាល់ថាបទ​ចម្រៀង​របស់ខ្លួន​ពិតជា​បាន ប្រើពាក្យ​ពេចន៍​អសុរ​ស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនិងធ្វើកិច្ចសន្យាកែខ្លួន។ នេះបើតាមកិច្ចសន្យាដែលមានឈ្មោះ និងស្នាមមេដៃរបស់លោក ក្នុងថ្ងៃ១០ មិថុនា ២០២០នេះ។

ក្នុងលិខិតកិច្ចសន្យាលោក បានសរសេរបញ្ជាក់ថា៖ ខ្ញុំបាទ សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឲ្យមនការប៉ះពាល់ដល់ វប្បធម៌សង្គមជាតិតទៅទៀតទេ។

កិច្ចសន្យាកែខ្លួននេះ បានធ្វើនៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ពិន័យនិង​លើកសរសើរនៃ​ក្រសួង​វប្បធម៌ និង​វិ​ចិត្រសិល្បៈ ដែល​បាន​ហៅ​លោក ទៅ​អប់រំ​ណែនាំ៕​