ភ្នំពេញ ៖ សម្រាប់អ្នកជំនួញ ឬអ្នករកស៊ីដែលឆ្លាតវៃ គឺត្រូវតែចេះសង្កេតមើលពីព្រឹត្តិការណ៍នានា ដែលកើតមានជាក់ស្ដែង ទាំងព្រឹត្តិការណ៍ល្អនិងអាក្រក់ ជាក់ស្ដែងដូចជាពេលបច្ចុប្បន្ននេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមក៏ដោយ សម្រាប់អ្នកដែលចេះបត់បែននៅអាចធ្វើជំនួញបាន និងទទួលផលចំណេញមកវិញផងដែរ។
លោក ម៉ាន់ ច័ន្ទឌី ដែលជាអគ្គនាយកក្រុមហ៊ុន PREMIUM Group មានក្រុមហ៊ុនចំណុះច្រើនជាង១០ បានមានប្រសាសន៍ថា មិនថាស្ថិតនៅក្នុងកាលទេសណានោះទេ សម្រាប់អ្នកជំនួញដែលឆ្លាតគឺនៅតែមានឱកាសធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានដំណើរការទៅមុខ និងរីកចម្រើនបានដែរ។
លោកបានមានប្រសាសន៍ថា “សម្រាប់តែការធ្វើជំនួញនៅក្នុងទីផ្សារអចលនទ្រព្យ ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ នេះ ទាំងអ្នកអភិវឌ្ឍន៍ និងអ្នករស៊ីក្នុងវិស័យនេះ ត្រូវមានការផ្លាស់ប្តូរទិសដៅ និងចេះបត់បែនផ្លាស់ប្ដូរវិធីសាស្ត្រនៃការលក់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញនូវការចាប់អារម្មណ៍ពីអតិថិជន។ ការទិញលក់អចលនទ្រព្យនាពេលបច្ចុប្បនេះ គឺស្ថិតនៅក្នុងលក្ខណៈពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ និងមានការថែមនូវសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ ដូចជាទូរទឹកកក និងសម្ភារៈប្រើប្រាស់ផ្សេងជាដើមពីក្រុមហ៊ុនអភិវឌ្ឍន៍” ។
លោកបានបញ្ជាក់ថា “តួរយ៉ាងទីផ្សារនៅក្នុងវិស័យលំឋាន កាន់តែមានការប្រកួតប្រជែងខ្ពស់ ហើយបើសិនជាអ្នកវិនិយោគ បានទទួលរងនូវផលប៉ះពាល់ក្នុងការលក់របស់ខ្លួន ប៉ុន្តែយល់ពីស្ថានការណ៍ ពួកគាត់មានភាពបត់បែន ផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការលក់ ក៏ដូចជាលក្ខខណ្ឌនៃការបង់ប្រាក់ ឬការបញ្ចុះតម្លៃ មានកិច្ចសន្យាទិញលក់ត្រឹមត្រូវ និងផ្តល់នូវគុណភាពសេវាកម្មបន្ថែមទៅលើអចលនទ្រព្យ នោះពួកគាត់ពិតជាអាចរក្សាបាននូវទីផ្សាររបស់គាត់ជាមិនខាន”៕