វេណេហ្ស៊ុយអេឡា៖ ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានបដិសេធ កាលពីថ្ងៃអាទិត្យនូវ សេចក្ដីសម្រេចរបស់ អឺរ៉ុប ដែលចង់ឲ្យមានការបោះឆ្នោតឡើងវិញក្នុងប្រទេសនេះ ខណៈបក្សប្រឆាំងលោក ហ្គូអៃឌូ បានបង្កើនអំពាវនាវឱ្យយោធាងើបប្រឆាំង នឹងរដ្ឋាភិបាលឆ្វេងនេះ។
សហរដ្ឋអាមេរិក បានព្រមានដាច់ដោយឡែកថា នឹងមាន"ការឆ្លើយតបធំមួយ" ប្រសិនបើ អ្នកការទូតអាមេរិក ឬលោក ហ្គូអៃឌូ (Guaido)ឬសមាជិករដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ក្លាយជាគោលដៅនៃ អំពើហឹង្សានិងទទួលការបំភិតបំភ័យណាមួយ។
ប្រទេសអេស្ប៉ាញ អង់គ្លេស បារាំង ហូឡង់ និងអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងទទួលស្គាល់លោក Guaido ជាប្រធានាធិបតីបណ្តោះអាសន្នលុះត្រាតែ លោក ម៉ាឌូរ៉ូបង្កើតឲ្យមានការបោះឆ្នោតជាថ្មី ក្នុងរយៈពេល 8 ថ្ងៃខាងមុខ។
ប្រទេសអូស្រ្តាលី ក៏គាំទ្រថា"ទទួលស្គាល់និងគាំទ្រ" លោក Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរង់ចាំការបោះឆ្នោត។
លោកម៉ាឌូរ៉ូ បានប្រាប់ CNNTurk នៅក្នុងបទសម្ភាសន៍និយាយថា " គ្មាននរណាម្នាក់ អាចផ្តល់ឱសានវាទដល់យើងបានទេ" ។
លោកម៉ាឌូរ៉ូបានបន្ថែមថា"វេណេហ្ស៊ុយអេឡា មិនមានជាប់ទាក់ទងនឹងទ្វីបអ៊ឺរ៉ុបទេ។ នេះគឺជាភាពអយុត្តិធម៌យ៉ាងច្បាស់"ដែលរៀបរាប់អំពីសកម្មភាពរបស់អឺរ៉ុបថាជា "កំហុស" ៕
