រាជធានីភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយលោកជំទាវត្រូវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោកជំទាវ Eva Nguyen Binh ត្រូវបានទទួលការតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបារាំង និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មសម្រាប់សកម្មភាពវប្បធម៌បារាំងនៅក្រៅប្រទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីជំហរកម្ពុជាក្នុងការគាំទ្រ និងបន្តកិច្ចការយ៉ាងជិតស្និតជាមួយ ឯកអគ្គរដ្ឋទូតថ្មីដែលនឹងទទួលកាន់តំណែងក្នុងពេលខាងមុខ។

កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ខាងមុខ ខណៈដែលប្រទេសបារាំងនឹងធ្វើជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាសហភាពអ៉ឺរ៉ុបនៅដើមឆ្នាំ​២០២២ ផងដែរ។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានយល់ស្របគ្នា លើការធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការល្អរវាងអង្គការតំបន់ទាំងពីរ៕