រាជធានីភ្នំពេញ៖ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ។
នេះបើយោងតាមសេចក្តីប្រកាស របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ។
រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ ២០២១ នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរកនិងទទួលបានវ៉ាក់សាំងកូវីដ-១៩។ ការចាក់នេះនៅបន្តអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត ដដែល។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បន្តលើកទឹកចិត្តដល់ប្រជាជន ដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខ ខណ្ឌបច្ចេកទេសដែលបានចាក់វ៉ាក់សាំងជុំទី១ រួចមកទទួលយកវ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជួយបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងមេរោគកូវីដ-១៩ ជាពិសេសទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយៗ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័សនូវ ភាពស៊ាំសហគមន៍រឹងមាំពិត ប្រាកដមួយ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុ ជីវិតប្រជាជនពីមេរោគកូវីដ- ១៩ ពិសេសប្រភេទដែលតា (Delta) ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរ ការប្រទេសពេញលេញឡើងវិញ៕