ភ្នំពេញ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត សម្រេចបានចំនួន ៣៧ ៩០០ រឿង ស្មើនឹង៩៦ភាគរយនៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ចំនួន ៣៩ ៥០០ រឿង ដោយសំណុំរឿងដែលត្រូវ បាន ជំនុំជម្រះរួចមានចំនួនជាង ១២ ៦០០ រឿង ស្មើនឹង ៩៧ភាគរយ នៃចំនួនសំណុំរឿងសរុបជាង ១៣ ០០០ រឿងក្នុងដំណាក់កាល ជំនុំជម្រះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌។

យុទ្ធនាការនេះបានចាប់ផ្ដើម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ គឺមានរយៈពេលប្រមាណ ១ឆ្នាំ ១ខែ។

ក្នុងរយៈពេលអនុវត្តន៍យុទ្ធនាការនេះ ចំណាត់ការសំណុំរឿងក្តីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាលនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទទួលបានលទ្ធផលខ្ពស់ជាង ២ដង បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩កន្លងទៅ។

ក្រសួងយុត្ដិធម៌ក៏បានបង្ហាញថាលទ្ធផលល្អប្រសើរនេះ បានចូលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារបានយ៉ាងច្រើននិងបានជួយលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋផងដែរ។

ប្រភពដដែលបានបង្ហាញថា បើទោះបីជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងត្រូវបានបិទបញ្ចប់ ក៏សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីខេត្តទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ និងខិតខំពន្លឿនការដោះស្រាយសំណុំរឿងនៅតាមអង្គភាពរបស់ខ្លួនឱ្យបានឆាប់រហ័សត្រឹមត្រូវ និងប្រកបដោយគុណភាពដោយមិនឱ្យមានការកកស្ទះសំណុំរឿងនៅក្នុងអង្គភាពរបស់ខ្លួនឡើយ៕